
ភ្នំពេញ ៖ អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ស៊ីម៉ាក់ ឯកឧត្ដម ហេង រតនា បានផ្សព្វផ្សាយឱ្យដឹងថា កាលពីល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ដោយគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះមួយបានកើតឡើងនៅចំណុចថ្គាមរមាស ស្ថិតនៅភូមិសាមគ្គី ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ហេតុការណ៍នេះ បានបណ្ដាលឱ្យបុរសម្នាក់រងរបួសជាទម្ងន់។
ឯកឧត្ដមបញ្ជាក់បន្ថែមថា មុនកើតហេតុដ៏អាក្រក់នេះ បុរសរូបនេះបានប្រទះឃើញកង់ដង់ក្បាលគ្រាប់ឡង់ AK-47 ដែលសៀតជាប់នឹងគល់ស្វាយ។ ឃើញដូច្នេះ បុរសរូបនោះក៏យកកាំបិតខ្វែវទៅគោះ និង បណ្ដាលឱ្យផ្ទុះឡើង។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកអន្លង់វែង បន្ទាប់មកបានបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕
ដោយ៖ គង់ ឌិន
