ភ្នំពេញ៖ លោកអភិបាលខណ្ឌ៧មករាបានដឹកនាំកម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពខណ្ឌចុះមកត្រួតពិនិត្យនិងចាត់វិធានការក្ដៅចំពោះទីតាំងទទួលផ្ញើម៉ូតូ ២៤ម៉ោងលើ ២៤ម៉ោងក្នុងភូមិសាស្ត្រខណ្ឌ៧មករា ក្រោយអាជ្ញាធរធ្វើការអប់រំណែនាំនិងកិច្ចសន្យាជាច្រើនលើកច្រើនសារមកហើយ តែម្ចាស់អាជីវកម្មទាំងនោះមិនចូលរួមសហការជាមួយអាជ្ញាធរ។
ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ៩យប់ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ថេង សុថុល អភិបាលខណ្ឌ ៧មករាបានដឹកនាំកម្លាំងចម្រុះចុះចាត់វិធានការក្ដៅទៅលើទីតាំងទទួលផ្ញើម៉ូតូ ២៤ម៉ោងទាំង៣៨ទីតាំងក្នុងមូលដ្ឋានខណ្ឌ៧មករា ដែលរំលោភលើផ្លូវសាធារណៈដោយលើកយកម៉ូតូដែលទទួលផ្ញើដាក់លើទ្រូងផ្លូវយកទៅរក្សាទុកនៅសាលាខណ្ឌ ៧មករាដើម្បីចាត់ការតាមនីតិវិធី។
លោក ថេង សុថុល អភិបាលខណ្ឌ ៧មករាបានឲ្យដឹងថាមុនឈានដល់វិធានការនេះកម្លាំងអាជ្ញាធរសង្កាត់និងប៉ុស្តិ៍រដ្ឋបាលបានធ្វើការអប់រំណែនាំនិងកិច្ចសន្យាជាច្រើនលើកច្រើនសារមកហើយ ជាមួយម្ចាស់អាជីវកម្ម តែម្ចាស់អាជីវកម្មនៅតែមិនចូលរួមសហការជាអាជ្ញាធរ រហូតដល់រដ្ឋបាលខណ្ឌក៏បានអញ្ជើញម្ចាស់ប្រកបអាជីវកម្មទទួលផ្ញើម៉ូតូ ២៤ ម៉ោងទៅធ្វើការអប់រំណែនាំ និងកិច្ចសន្យាផងដែរ។
អភិបាលបានបន្តទៀតថាទីតាំងទទួលផ្ញើម៉ូតូ ២៤ម៉ោងនៅក្នុងមូលដ្ឋានខណ្ឌ ៧មករាមានចំនួន ៣៨ទីតាំង។ក្នុងនោះដែរលោកបានបញ្ជាក់ថាមិនមែនមិនឲ្យពួកគាត់ប្រកបអាជីវកម្មទទួលនោះទេ តែលោកអភិបាលសំណូមពរឲ្យម្ចាស់អាជីវកម្មចូលរួមសហការជាមួយអាជ្ញាធរ គឺមិនអនុញ្ញាតឲ្យទទួលផ្ញើម៉ូតូដាក់លើទ្រូងផ្លូវឡើយ។ ប៉ុន្តែអនុញ្ញាតឲ្យដាក់ត្រឹមចិញ្ចើមផ្លូវនៅពេលយប់រហូតដល់ម៉ោង ៦ ទៅ ម៉ោង៧ព្រឹក នៅលើចិញ្ជើមផ្លូវត្រូវយកម៉ូតូចេញអស់ពីចិញ្ជើមផ្លូវ៕ អត្ថបទ៖ កុម្ភៈ










