ភ្នំពេញ ៖ ទីបំផុតស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនបុរសម្នាក់រស់នៅខណ្ឌបឹងកេងកង ក្រោយព្យាបាលសះស្បើយពីជំងឺកូវីដ១៩ ទៅចាត់ការតាមផ្លូវច្បាប់ ដែលកាលពីកន្លងទៅបុរសរូបនេះបានរត់គេចខ្លួនពីការធ្វើចត្តាឡីស័កក្នុងផ្ទះ ហើយលួចទៅចូលរួមពីមង្គលការមិត្តភក្តិនៅខេត្តកំពត និងទីកន្លែងមួយចំនួនទៀត ខណៈខ្លួនត្រូវបានគ្រូពេទ្យធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ១៩នោះ។
លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងទទួលផែនការងារសន្តិសុខ បានបញ្ជាក់ឲ្យដឹងថាជនសង្ស័យឈ្មោះ លាន់ ឡា ភេទប្រុស អាយុ២៣ឆ្នាំ ប្រកបមុខរបរលក់កាហ្វេ ស្នាក់នៅផ្ទះជួល ផ្លូវ១០០៥ កែង៣៦៥ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញផែនការងារសន្តិសុខ បញ្ជូនទៅតុលាការ ហើយកាលពីម្សិលមិញហើយនាពេលនេះ ជនសង្ស័យត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ននោះ។
លោកឧត្តមសេនីយ៍ទោ បានឲ្យដឹងទៀតថា ជនសង្ស័យត្រូវបានបញ្ជូន លោក កូយ សៅ ជាចៅក្រមស៊ើបសួរ បញ្ជាឱ្យសមត្ថកិច្ចនាំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដើម្បីរងចាំសម្រេចបទបញ្ជាថ្មីទៀត ហើយជនសង្ស័យ រងការចោទប្រកាន់ពីបទមិនអនុវត្តរបស់វិធានក្រសួងសុខាភិបាល គេចវេសមិនធ្វើចត្តាឡីស័ក ជាបទល្មើសព្រហ្មទណ្ឌ និង ផ្តន្ទាទោសតាមបញ្ញាត្តិមាត្រា៧ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតហើយកិច្ចងារងារនេះគឺ ក្រុមការងារគណៈកម្មាការអន្តរក្រសួង ដើម្បីប្រយុទ្ធជំងឺកូវីដ១៩ជាអ្នកកសាងសំណុំរឿង បញ្ជូនបុគ្គលមិនអនុវត្តតាមវិធានសុខាភិបាលដើម្បីយកទៅអនុវត្តតាមនីតិវិធី ។
សូមបញ្ជាក់ថាកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ជនសង្ស័យឈ្មោះ លាន់ ឡា មានអាការៈក្តៅខ្លួន ក្អក និងឈឺបំពង់ក ហើយបានទៅយកសំណាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយគ្រូពេទ្យតម្រូវឱ្យធ្វើចក្តាឡីស័ក១៤ថ្ងៃនៅផ្ទះ ប៉ុន្តែបុគ្គលនេះមិនបានធ្វើចត្តាឡីស័កនៅក្នុងផ្ទះឱ្យបានត្រឹមត្រូវតាមវិធានក្រសួងសុខាភិបាលនោះទេ ស្រាប់តែនៅយប់ថ្ងៃទី១៣ ខែមីនា ជនសង្ស័យរូបនេះ និងមិត្តភក្តិចំនួន២នាក់ទៀត បានទៅស្ទីម និងស្ប៉ានៅ Arthur and Paul ផ្ទះលេខ២៧ ផ្លូវ៧១ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ជាងនេះទៅទៀតនៅថ្ងៃបន្ទាប់គឺថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ បុគ្គលខាងលើ រួមនឹងមិត្តភក្តិ២នាក់នោះធ្វើដំណើរចេញពីរាជធានីភ្នំពេញ បានជិះរថយន្តឈ្នួល ទៅចូលរួមពិធីមង្គលការ នៅភូមិដំណាក់ទ្រព្យ ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត ហើយនៅតាមផ្លូវអ្នកបើករថយន្តក៏បានដឹកភ្ញៀវម្នាក់ទៀត ផងដែរ។
ក្រោយក្រុមគ្រួពេទ្យបានបញញជាក់ថាខ្លួនមានផ្ទុកមេរោគកូវីដ១៩នោះ ជនសង្ស័យឈ្មោះលាន់ ឡា និងមិត្តភក្តិ៥នាក់ទៀតជិះរថយន្តជាមួយគ្នាពីខេត្តកំពត មករាជធានីភ្នំពេញ ។ នៅពេលបុគ្គលនេះ មកដល់ភ្នំពេញ គ្រូពេទ្យក៏បាននាំទៅព្យាបាលនៅសណ្ឋាគារgreat duke ចំណែកមិត្តភក្តិទាំងនោះបាននាំយកទៅធ្វើចត្តាឡីស័កនៅសណ្ឋាគារសុខា ។
សូមបញ្ជាក់ផងដែរថា នៅក្នុងអំឡុងមិនធ្វើចត្តាឡីស័កបុគ្គលនេះ បានធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ បានធ្វើឱ្យប្រជាពលរដ្ឋ២០០នាក់ទៀតពាក់ព័ន្ធដោយប្រយោលនឹងនាំគ្នា ធ្វើចត្តាឡីស័ក និងបានចម្លងកូវីដ១៩ទៅបុគ្គល៣នាក់ផ្សេងទៀតយ៉ាងណាក៏ដោយនាពេលនេះជនសង្ស័យត្រូវបានអាជ្ញាធរធ្វើការឃុំខ្លួនជាបណ្តោះអាសន្ន និងរងចាំបន្តតាមនីតិវិធីច្បាប់របស់តុលាការនាពេលខាងមុខនេះព៕
អត្ថបទ៖ បាន ចក់



