ភ្នំពេញ៖ លំនៅឋានប្រជាពលរដ្ឋពីរខ្នងត្រូវបានឆាបឆេះបាត់បង់ទាំងស្រុង ដោយសារឆ្លងចរន្តអគ្គិសនីនៅលើបង្គោលភ្លើងឆាបឆេះរាលដាលទៅដល់ផ្ទះពីរខ្នង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩ និង៥០នាទី ព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រជាពលរដ្ឋប្រាប់អោយដឹងថា គ្រោះអគ្គីភ័យដែលបណ្ដាលអោយឆាបឆេះផ្ទះនេះមុនដំបូង ឆ្លងចរន្តអគ្គិសនីឆេះបង្គោលភ្លើងហើយដោយសារផ្ទះទាំងពីរនោះ គឺជាផ្ទះឈើ ហើយនៅជិតបង្គោលដែលឆេះនោះ ទើបអណ្ដាតភ្លើងរាលដាលទៅដល់លំនៅឋានពីរនោះឆេះអស់ទាំងស្រុង ។
ពលរដ្ឋប្រាប់បន្តថា ផ្ទះទាំងពីរខ្នងដែលត្រូវអណ្ដាតភ្លើងឆាបឆេះនោះ គឺធ្វើអំពីជញ្ជាំងក្ដារដំបូលស័ង្កសីរងការខូចខាតទាំងស្រុង សំណាងល្អមិនមានអ្នករងបួស ។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់អោយដឹងថា ក្រោយពីទទួលបានព័ត៌មានសមត្ថកិច្ចពន្លត់អគ្គីភ័យបានបញ្ចេញរថយន្តពន្លត់អគ្គីភ័យដែលប្រចាំនៅសាលាខណ្ឌពោធិ៍សែនជ័យជួយអន្តរាគមន៍ភ្លាមៗ មិនអោយអណ្ដាតភ្លើងឆេះរាលដាលកាន់តែធ្ងន់ធ្ងរនោះឡើយ ។
ក្នុងនាមសមត្ថកិច្ចជំនាញពន្លត់អគ្គីភ័យ សូមសំណូមពរប្រជាពលរដ្ឋទាំងអស់ សូមប្រុងប្រយ័ត្នអោយបានខ្ពស់បំផុតចំពោះគ្រោះអគ្គីភ័យ ជាពិសេស សូមកុំសាងសង់លំនៅឋាននៅជិតបង្គោលភ្លើង ដូចនៅក្នុងករណីនេះ ពីព្រោះថា បើឆ្លងចរន្តអគ្គិសនីឆេះបង្គោលភ្លើងហើយអាចនឹងឆាបឆេះផ្ទះបែបនេះ ៕ អត្ថបទ ៖ តារាវុទ្ធី



