កំពង់ស្ពឺ ៖ ឯកឧត្ដម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានអះអាងថា ៖ ដើម្បីយល់ពីគុណតម្លៃនៃសុខសន្តិភាព យើងគប្បីនឹកដល់ពេលដែលមិនទាន់មានសន្តិភាព និងរំលឹកដល់អ្នកដែលបានស្វែងរកសន្តិភាពជូនជាតិមាតុភូមិ។
ការថ្លែងរបស់ឯកឧត្ដម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ យ៉ាងដូច្នេះ នាឱកាសចែករំលែកទស្សនៈផ្ទាល់ខ្លួន ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីអប់រំ និងមន្ត្រីសុខាភិបាល នៃស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅសាលាស្រុកឱរ៉ាល់ ប្រមាណ ៣៧៦ នាក់ នាព្រឹកថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ។
ឯកឧត្ដម ហ៊ុន ម៉ានី បានចែករំលែកទស្សនៈផ្ទាល់ខ្លួនថា ពាក្យ «អរគុណសន្តិភាព» ស្ដាប់ទៅហាក់បីដូចជាសាមញ្ញ ក៏ប៉ុន្តែពេលលឺពាក្យនេះ វាមិនសាមញ្ញពេកនោះទេ គឺយើងត្រូវប្រៀបធៀបទៅនឹងពេលគ្មានសុខសន្តិភាព ទើបយើងអាចយល់ពីគុណតម្លៃនៃសុខសន្តិភាព ដោយផ្សារភ្ជាប់ថា«ដើម្បីយល់ពីគុណតម្លៃនៃសុខសន្តិភាព យើងគប្បីនឹកដល់ពេលដែលមិនទាន់មានសន្តិភាព និងរំលឹកដល់អ្នកដែលបានស្វែងរកសន្តិភាពជូនជាតិមាតុភូមិ»។ ស្របជាមួយការលើកឡើងខាងលើនេះ ឯកឧត្ដមបានបញ្ជាក់ថា ដើម្បីយល់ពីគុណតម្លៃនៃសុខសន្តិភាព យើងត្រូវប្រៀបធៀបដំណាក់កាលដែលប្រទេសកម្ពុជាគ្មានសុខសន្តិភាព រងនូវសោធនកម្មដ៏ឃោរឃៅ សង្គ្រាមរាំរ៉ៃ និងត្រូវនឹកឃើញដល់អ្នកដែលបានលះបង់ និងពុះពារ ដើម្បីដណ្ដើមយកសុខសន្តិភាពជូនប្រទេសជាតិ។ ឯកឧត្ដមបានបន្តទៀតថា ការប្រែក្លាយប្រទេសកម្ពុជា ពីប្រទេសដែលមានសង្គ្រាមទៅជាប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍន៍ គឺជាមោទកភាពមួយ ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជាមួយរូប។
ផ្សារភ្ជាប់ជាមួយគ្នាដែរ ឯកឧត្ដម បានរំលេចដែរថា សន្តិភាពបាននាំមកនូវការអភិវឌ្ឍជូនប្រទេសកម្ពុជា។ ជាឧទាហរណ៍ តាមរយៈនយោបាយឈ្នះៗ យើងក៏ទទួលបានសុខសន្តិភាព និងស្ថេរភាពនយោបាយ ដែលផ្ដល់ឱកាសអោយប្រទេសកម្ពុជា មានអ្នកវិនិយោគច្រើន ដែលជាចំណុចវិជ្ជមានក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រទេសកម្ពុជា។ សុខសន្តិភាពបានទាក់ទាញឱកាសនៃការវិនិយោទុន ពង្រីកខឿនសេដ្ឋកិច្ច គៀងគរថវិកាជាតិ បង្កើនប្រាក់វិវត្តន៍ និងអត្ថប្រយោជន៍ផ្សេងៗទៀតជូនដល់ប្រទេសជាតិ។ បន្ថែមទៅទៀតនេះ ឯកឧត្ដមបានរំលេចបន្ថែមថា ការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការខិតខំការពារសុខសន្តិភាពនេះ គឺដើម្បីកូនចៅជំនាន់ក្រោយ និងគិតគូរពីអនាគតរបស់ពួកគេ និងធានានូវឱកាសរស់នៅ សិក្សា រៀនសូត្រ ប្រកបការងារ ក្រោមម្លប់នៃសុខសន្តិភាព៕ អត្ថបទ ៖ រដ្ឋា







