សៀមរាប៖ ផ្លូវក្រាលកៅស៊ូ DBST ១ខ្សែបន្ថែមទៀត ប្រវែង២៥គីឡូម៉ែត្រ តភ្ជាប់ឃុំចំនួន៥ ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប បានបើកការដ្ឋានសាងសង់ដើម្បីបម្រើសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។
ផ្លូវ១ខ្សែនេះមានប្រវែង ២៥គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៦ ទៅផ្លូវលេខ៦៨ ឆ្លងកាត់ឃុំស្រណាល ឃុំរោងគោ ឃុំឈ្នួល ឃុំក្រូចគរ និងឃុំសែនសុខ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ក្នុងពិធីបើកការដ្ឋានសាងសង់ អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រខេត្តសៀមរាប មានប្រសាសន៍ថា ផ្លូវមួយខ្សែនេះអនុវត្តការសាងសង់ដោយកងវិស្វកម្មសម្ដេចតេជោ ហ៊ុន សែន ដឹកនាំដោយ ឯកឧត្ដម ខេង សុមេធ ។
អ្នកឧកញ៉ា សៀង ណាំ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តសៀមរាប ដែលតែងតែយកចិត្តទុក្ខដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋាន។ អ្នកឧកញ៉ា បានបន្តថា ជាក់ស្តែងពេលនេះ សម្ដេចតេជោ បានបន្តផ្ដល់ថវិកាបន្ថែមសម្រាប់ការស្ថាបនាផ្លូវមួយខ្សែនេះ ទុកជាប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនទូទៅ ងាយស្រួលធ្វើដំណើរ និងដឹកជញ្ជូនផលិតផលកសិកម្មទៅកាន់ទីផ្សារ។
អ្នកឧកញ៉ា សៀង ណាំ បានអំពាវនាវដល់លោកតា លោកយាយ ប្រជាពលរដ្ឋដែលមានអាយុគ្រប់ និងមានសិទ្ធិបោះឆ្នោត សូមទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះកុំបីខាន និងបានអំពាវនាវដល់ពលរដ្ឋសូមបោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដើម្បីបន្តការអភិវឌ្ឍ និងការរីកចម្រើនលរុងរឿងលើគ្រប់វិស័យ ៕







