សៀមរាប៖ ក្រុមអ្នកជំនាញនៃនាយកដ្ឋានជីវចម្រុះ ក្រសួងបរិស្ថាន កំពុងសាកល្បងដាំរុក្ខជាតិ Vanilla ដែលជាប្រភេទដំណាំមានតម្លៃខ្លាំង និងកំពុងពេញនិយមរបស់ពិភពលោក។
ការដាំសាកល្បងនេះមានចំនួនប្រមាណពី១០ ទៅ១៥ដើម នៅលើផ្ទៃដីទំហំ១០ម៉ែត្រ គុណនិង៤៥ម៉ែត្រ ក្នុងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន គូលេន ស្ថិតនៅឃុំត្បែង ស្រុកបន្ទាយស្រី នាតំបន់ជើងភ្នំគូលែន ខេត្តសៀមរាប ដើម្បីតាមដានមើលឱ្យប្រាកដថាតើអាកាសធាតុទីនោះ ពិតជាអាចអំណោយផលសម្រាប់ដំណាំ Vanilla ដែរឬយ៉ាងណា?។
ប្រធានការិយាល័យ នៃនាយកដ្ឋានជីវចម្រុះ លោក ចាន់ធី សុមេត្តា បានមានប្រសាសន៍ថា រយៈពេលជិត២ឆ្នាំមកហើយ ក្រសួងបិរស្ថាន បាននាំយកពូជ Vanilla បីប្រភេទមកដាំសាកល្បងនៅតំបន់ជើងភ្នំគូលែន រួមមានពូជ Vanilla Tity Vanilla Madagascar និងពូជ Vanilla Pompona ។ ពូជទាំងបីប្រភេទនេះ គឺជាប្រភេទដែលគេពេញនិយមប្រើប្រាស់បំផុតនៅលើពិភពលោក។ ដំណាំ Vanilla ចំនួន១០ ទៅ១៥ដើម ដែលកំពុងដាំនៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូលសុខអានភ្នំគូលេន អាចផ្ដល់កម្រៃប្រមាណ៥០០០ដុល្លារអាមេរិក សម្រាប់ការប្រមូលផលម្ដងៗ។ លោក ចាន់ធី បញ្ជាក់ទៀតថា តាមការតាមដានមើ់ល ទៅលើដំណាំVanilla ដែលបានដាំសាកល្បងនៅក្នុងមជ្ឈមណ្ឌលនេះ រយៈពេលជិត២ឆ្នាំមកនេះ ឃើញថាវាលូតលាស់បានល្អ និងមិនមានជំងឺ។ មានន័យថាទាំងលក្ខណៈអាកាសធាតុនិងលក្ខណៈជីវសាស្ត្រ គឺតំបន់នៅជុំវិញខេត្តសៀមរាប អាចនឹងដាំដំណាំ Vanilla ប្រភេទនេះបាន ក៏ប៉ុន្តែបើទោះបីជាយ៉ាងណាក្រុមអ្នកជំនាញនៅបន្តតាមដានលើទិន្នន័យនេះបន្ថែមទៀត។
ដំណាំ Vanilla គឺជាប្រភេទរុក្ខជាតិ នៃកេសរកូលម្យ៉ាង ដែលបណ្ដាប្រទេសលោកខាងលិច កំពុងពេញនិយម យកពណ៌និងក្លិនរបស់វាទៅប្រើប្រាស់ដាក់នៅក្នុងនំ ចំណីអាហារ ភេសជ្ជៈ ការ៉េម ព្រមទាំងគ្រឿងសំអាងជាច្រើនប្រភេទផង។ បច្ចុប្បន្ននេះ ដំណាំ Vanilla កំពុងមានតម្លៃខ្ពស់នៅលើទីផ្សារក្នុងពភពលោក ដោយផ្លែស្ងួតរបស់វា១គីឡូក្រាម អាចលក់បាន ក្នុងតម្លៃពី៥០០ ទៅ៧០០ដុល្លារអាមេរិក។
មន្ត្រីក្រសួងបរិស្ថាន អះអាងថា ប្រសិនបើការដាំសាកល្បងដំណាំ Vanilla នៅតំបន់ជើងភ្នំគូលែនបានជោគជ័យ នៅពេលខាងមុខ នឹងចែករំលែក ពូជ Vanilla ទៅឱ្យក្រុមសហគមន៍នៃតំបន់ការពារធម្មជាតិជាច្រើន ព្រមទាំងប្រជាពលរដ្ឋដាំដំណាំនេះ ដើម្បីរកកម្រៃជួយដល់ជីវភាពគ្រួសារប្រចាំថ្ងៃ នៅពេលខាងមុខ៕



