បន្ទាយមានជ័យ : ក្នុងឱកាសប្រកាសបញ្ជូលសមាជិក-សមាជិកាថ្មីរបស់គណបក្សប្រជាជនកម្ពុជាក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ លោក បោន ប៊ិន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកភ្នំស្រុក ណែនាំដល់យុវជនត្រូវការពារឲ្យបាននូវសុខសន្តិភាព ដែលគណបក្សប្រជាជនកម្ពុជារកបានមកដ៏កម្រ។
នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ លោក បោន ប៊ិន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកភ្នំស្រុក បានអញ្ជើញក្នុងពិធីសំណេះសំណាល និងបញ្ចូលសមាជិក-សមាជិកាបក្សថ្មីជាយុវជនគណបក្សប្រជាជនកម្ពុជា មានអាយុ ១៨-៣៥ឆ្នាំ ចំនួន១,៤៥៥នាក់។
នាឱកាសនោះ លោក បោន ប៊ិន មានប្រសាសន៍ថា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញេីសាកសួសុខទុក្ខពីសំណាក់ ឯកឧត្ដម កែ គឹមយ៉ាន ប្រធានក្រុមការងារាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ ឯកឧត្ដម អ៊ុំ រាត្រី ប្រធានគណៈកម្មការគណៈប្រជាជនកម្ពុជាខេត្តបន្ទាយមាន ជូនពោះសមាជិក-សមាជិការ ដោយក្តីនឹករលឹកផងដែរ។
លោក បោន ប៊ិន ថ្លែងថា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ សន្តិភាព ស្ថិរភាពនយោបាយ ត្រូវបានថែរក្សាយ៉ាងគត់មត់, លទ្ធិប្រជាធិបតេយ្យបានបន្តចាក់ឫសកាន់តែជ្រៅក្នុងសង្គមជាតិ, ការឆ្លងរាតត្បាតនៃជំងឺកូវីដ- ១៩ ដ៏កាចសាហាវត្រូវបានគ្រប់គ្រងដោយជោគជ័យ ការពារបាននូវអាយុជីវិតប្រជាជនដែលជាសមិទ្ធផលធំជាប្រវត្តិសាស្ត្រ ដំណើរការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច បានសម្រេចលទ្ធផលថ្មីៗថែមទៀត រីឯជីវភាពប្រជាជនរក្សាបានលំនឹង និងត្រូវបានលើកកម្ពស់ជាលំដាប់ ព្រមជាមួយនោះ កិត្យានុភាពរបស់កម្ពុជាកាន់តែបានលើកកម្ពស់លើឆាកអន្តរជាតិ ស្របពេលដែលកម្ពុជាបានបំពេញតួនាទីជាប្រធានប្តូរវេនរបស់អាស៊ានប្រកបដោយជោគជ័យ។
លោក បោន ប៊ិន បញ្ជាក់ថា តាមរយៈការសម្រេចចិត្តរបស់សមាជិក-សមាជិកានាពេលនេះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដើម្បីចូលរួមបន្តរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនជាមួយគណបក្សប្រជាជនកម្ពុជា ដែលតែងលើកទឹកចិត្តគាំទ្រយុវជន ក្នុងការអភិវឌ្ឍន៍សង្គមជាតិ។
លោក បោន ប៊ិន សង្កត់ធ្ងន់ថា បន្ទាប់ពីចូលជាសមាជិកជាមួយគណបក្សប្រជាជនកម្ពុជា យុវជនមានតួនាទីការពារ និងថែរក្សាសុខសន្តិភាពតាមរយៈការវាយប្រហារគ្រប់រូបភាពរបស់ជនអគតិ ដែលតែងបំផ្លើស បំភ្លៃ និងបំផ្លាញចំពោះគុណបំណាច់ និងការលះបង់ដ៏កម្ររបស់គណបក្សប្រជាជនកម្ពុជា។
ទន្ទឹមគ្នានេះ យុវជន និងយុវនារី ដែលចូលជាសមាជិក បានបង្ហាញការពេញចិត្តចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមានទំនួលខុសត្រូវចំពោះជោគវាសនារបស់ជាតិ និងប្រជាជន ពោលទីណាប្រជាជនមានទុក្ខ ទីនោះមានគណបក្សប្រជាជនកម្ពុជាតែងតែយកចិត្តទុកដាក់ជានិច្ច។ ពួកគាត់ បញ្ជាក់ថា ក្រៅពីគណបក្សប្រជាជនកម្ពុជាមិនមានគណបក្សណាផ្សេងដែលអាចធានាបានសន្តិភាព និងការអភិវឌ្ឍដូចពេលបច្ចុប្បន្នបានឡើយ។
ជាមួយគ្នា លោក បោន ប៊ិន មានប្រសាសន៍ទៀតថា ក្រៅពីគុណបំណាច់ និងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានគាំទ្រដល់សកម្មភាពរបស់យុវជនជានិច្ច ដោយក្រោមការគិតគូរធ្វើយ៉ាងណាពង្រឹងធនធានយុវជន មិនថាចំណេះដឹង និងសមត្ថភាព ដើម្បីជាអ្នកបន្តវេនចូលរួមការអភិវឌ្ឍន៍ប្រទេសជាមួយគណបក្សប្រជាជនកម្ពុជាឲ្យកាន់តែរឹងមាំជាងនេះ ខណៈរៀងរាល់ឆ្នាំកម្ពុជាមានយុវជន គ្រប់អាយុ១៨ឆ្នាំយ៉ាងហោច២០ម៉ឺននាក់ក្នុងមួយឆ្នាំ។
ឆ្លៀតក្នុងឱកាសនោះ លោក បោន ប៊ិន បានមានមតិផ្តាំផ្ញើដល់ក្រុមការងារយុវជនក្នុងស្រុកព្រៃឈរ ឱ្យបន្តខិតខំចូលរួមដោះស្រាយបញ្ហាដែលប្រជាពលរដ្ឋជួបការលំបាក និងត្រូវប្រព្រឹត្តនូវអំពើល្អ ពង្រីកនូវកេរ្តិ៍ឈ្មោះ និងកសាងនូវសមាជិកគណបក្សកាន់តែច្រើនឡើងៗបន្ថែមទៀត៕ ដោយ ÷ ឧត្ដម












