កូរ៉េខាងជើង៖ ប្អូនស្រីដ៏មានឥទ្ធិពលរបស់លោក Kim Jong-un បានប្រាប់សហរដ្ឋអាមេរិកឲ្យត្រៀមការពារខ្លួន ព្រោះកូរ៉េខាងជើងកំពុងបង្កើនកម្លាំងអាវុធនុយក្លេអ៊ែរ នៅថ្ងៃដែលខ្លួនបានបាញ់មីស៊ីលបន្ថែមទៀត ដែលបានធ្វើស្ថានភាពកាន់តែតានតឹងខ្លាំងនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

ឆ្មាំសមុទ្រជប៉ុនបានបញ្ជាក់នៅព្រឹកថ្ងៃចន្ទនេះថា កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទីកចំនួន ៣គ្រាប់ទៀតចូលទៅដែនទឹករបស់ជប៉ុន។ ការបញ្ជាក់នេះបានកើតមានឡើង ក្រោយយោធាទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលបាលីស្ទីកអន្តរទ្វីប (ICBM) Hwasong-15 របស់ខ្លួនកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។ ការបាញ់សាកល្បងនេះបានជំរុញឲ្យសហរដ្ឋអាមេរិក បង្ហាញកម្លាំងរបស់ខ្លួនលើអាកាស ដោយការហោះហើរយន្តហោះទម្លាក់គ្រាប់បែកល្បឿនលឿនជាងសំឡេង ជាមួយយន្តហោះចម្បាំងរបស់កូរ៉េខាងត្បូង និងជប៉ុន។
ប្អូនស្រីមេដឹកនាំកូរ៉េខាងជើងលោកស្រី Kim Yo-jong និងជាអនុប្រធាននៃគណៈកម្មការកណ្ដាលរបស់បក្សពលករកូរ៉េ បានព្រមានទីក្រុងវ៉ាស៊ីនតោនថា ទីក្រុងព្យុងយ៉ាងនឹងឆ្លើយតបរាល់ការគំរាមដោយផ្ទាល់ ឬដោយប្រយោល។ នៅក្នុងការអានសេចក្ដីថ្លែងការណ៍ពីបុគ្គលដ៏មានឥទ្ធិពល ដែលត្រូវគេជឿថាអាចជាអ្នកស្នងតំណែងពីបងប្រុសរបស់ខ្លួន បាននិយាយថា ជាញឹកញាប់ការប្រើប្រាស់មហាសមុទ្រប៉ាស៊ីហ្វិក ជាគោលដៅនៃការបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់យើង គឺវាអាស្រ័យទៅលើសកម្មភាពរបស់សហរដ្ឋអាមេរិក៕
អត្ថបទ៖ សុខមាន