ចិន៖ ក្រសួងការបរទេសចិនបាននិយាយថា ទីក្រុងប៉េកាំងត្រៀមឆ្លើយតបចំពោះការប៉ុនប៉ងនានារបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការដុតបញ្ឆេះស្ថានភាពឲ្យកាន់តែតានតឹង។

អ្នកការទូតជាន់ខ្ពស់របស់ចិនលោក Wang Yi បានប្រាប់ប្រមុខការទូតអាមេរិកលោក Antony Blinke នៅក្រៅសន្និសីទសន្តិសុខទីក្រុង Munich ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃអាទិត្យថា ការបាញ់ទម្លាក់បាឡុងរបស់ចិន គ្មានអ្វីក្រៅពីការបំពានដោយកម្លាំងពីសំណាក់ទីក្រុងវ៉ាស៊ីនតោននោះទេ។ ក្រសួងការបរទេសចិនបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍វាយបកមួយថា សហរដ្ឋអាមេរិកនឹងទទួលរងផលវិបាក ប្រសិនបើព្យាយាមបង្កើនភាពតានតឹង ក្រោយឧបទ្ទវហេតុបាញ់ទម្លាក់បាឡុង។ ក្រសួងដដែលនិយាយថា បាឡុងហោះរយៈកម្ពស់ដ៏ខ្ពស់របស់អាមេរិក បានហោះហើរដោយខុសច្បាប់ជាច្រើនដងនៅលើប្រទេសចិន ដោយបន្ថែមថា ទីក្រុងវ៉ាស៊ីនតោន "គ្មានសិទ្ធិអីមកបង្ខូចកេរ្តិ៍ឈ្មោះរបស់ចិនទេ" ហើយបើនិយាយពីរឿងឈ្លបយកការណ៍វិញ សហរដ្ឋអាមេរិកគឺជាប្រទេសលេខមួយ។
ក្រសួងនេះបាននិយាយថា រឿងតែមួយគត់ដែលអាមេរិកបានពីការបាញ់ទម្លាក់បាឡុងនោះ គឺដើម្បីធ្វើឲ្យប៉ះពាល់ដល់ទំនាក់រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ដោយបន្ថែមថា សហរដ្ឋអាមេរិកចាំបាច់ត្រូវតែបង្ហាញភាពស្មោះត្រង់ និងដោះស្រាយបញ្ហា ជាជាងព្យាយាមដុតបញ្ឆេះស្ថានភាពឲ្យកាន់តែតានតឹងខ្លាំងថែមទៀត៕
អត្ថបទ៖ សុខមាន