ភ្នំពេញ៖ ក្រោយមានការសំណូមពររបស់ពលរដ្ឋដល់អាជ្ញាធរខណ្ឌ ៧មករាគួរមានវិធានការចំពោះការចត ម៉ូតូរម៉ក ម៉ូតូកង់បី រថយន្តលើផ្លូវរងចាំម៉ូយ ដែលបង្កការកក់ស្ទះចរាចរណ៍ និងបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ នៅចំណុចមុខផ្សារអូឬស្សី អាជ្ញាធរសណ្ដាប់ធ្នាប់ខណ្ឌ ៧មករាបានបន្តចុះរៀបចំជាប្រចាំដើម្បីរក្សាសណ្ដាប់ធ្នាប់សាធារណៈ បរិស្ថានអនាម័យឲ្យល្អប្រសើរឡើងវិញ និងកាត់បន្ថយការកក់ស្ទះចរាចរណ៍ផងដែរ។
លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ ៧មករាបានចាត់ឱ្យកម្លាំងជំនាញសណ្ដាប់ធ្នាប់ ដែលដឹកនាំដោយលោកវរសេនីយ៍ទោ ទឹម វុទ្ធី អធិការរងទទួលផែនសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដឹកនាំកម្លាំងសណ្ដាប់ធ្នាប់ចុះរៀបចំណុចមុខផ្សារអូរឬស្សី ស្ថិតនៅតាមបណ្ដោយផ្លូវ ១៨២ ចំណុចមុខផ្សារអូរឬស្សី មូលដ្ឋានសង្កាត់ផ្សារអូរឫស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
តាមប្រភពអ្នកធ្វើដំណើរឆ្លងកាត់តាមបណ្ដោយផ្លូវលេខ១៨២ ចំណុចមកផ្សារអូរឬស្សីបានលើកឡើងថា ក្រោយអាជ្ញាធរចុះរៀបចំនិងណែនាំដល់អ្នករត់ម៉ូតូរម៉ក ម៉ូតូកង់បី ផាស់អាប់ មិនឱ្យចតតាមបណ្ដោយផ្លូវនេះ សង្កេតឃើញថា ស្ថានភាពផ្លូវមុខផ្សារអូរឫស្សីមានភាពស្រឡះល្អជាងមុនងាយស្រួលធ្វើដំណើរ។
គួរបញ្ជាក់ផងដែរកន្លងមក តាមប្រភពព័ត៌មាន ពីពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវលេខ១៨២ ចំណុចមុខផ្សារអូរឫស្សី បានឲ្យដឹងថា ពេលធ្វើដំណើរឆ្លងកាត់ម្ដងៗ ពេលព្រឹកពេលថ្ងៃ និងពេលល្ងាច គឺមានការកកស្ទះជាប្រចាំ ដោយអ្នករត់ម៉ូតូរម៉ក ម៉ូតូកង់បី ផាស់អាប់ រថយន្តឈ្នួលជាដើម បានចតរង់ចាំ ដឹកអីវ៉ាន់ និងម៉ូយ បង្កការកកស្ទះនិងបាត់បង់សណ្ដាប់ធ្នាប់នៅចំណុចមុខផ្សារ។
នៅចំណុចផ្សារអូឬស្សីនេះ គឺមានបេនរថយន្តឈ្នួលត្រឹមត្រូវក៏ប៉ុន្តែអ្នករត់រថយន្តឈ្នួលឬក៏ រម៉កកង់បីមួយចំនួនមិនបានចូលចតក្នុងបេន ឲ្យបានត្រឹមត្រូវនោះទេ បានចតលើផ្លូវសាធារណៈបង្ករឲ្យបាត់បង់សណ្ដាប់ធ្នាប់ និងបង្កការកក់ស្ទះដល់អ្នកធ្វើដំណើរ៕ អត្ថបទ៖ កុម្ភៈ






