បាល់ទាត់៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត រដូវកាលទី២ ឆ្នាំ២០២៣ បានបើកការប្រកួតជាផ្លូវការហើយនៅថ្ងៃទី១៩ ខែកុម្ភៈម្សិលមិញដោយមានបេក្ខភាពចូលរួមសរុប ៤២ក្រុមចូលរួមនៅទីលានពោធិ៍រោងលើ ស្ថិតនៅភូមិពោធិរោងលើ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ពិធីបើកការប្រកួតនេះបានធ្វើឡើងក្រោមវត្តមានឯកឧត្តម គង់ រ័ត្នមុនី អភិបាលរងខេត្តត្បូងឃ្មុំ។
លោក នៅ សារី អគ្គនាយកក្រុមហ៊ុនអាហ្ស៊ី ម៉ះរ៉បើ និងជាអ្នកផ្ដួចផ្ដើមគំនិតរៀបចំការប្រកួតនេះបានឲ្យដឹងថា គោលបំណងសំខាន់នៃពានរង្វាន់មហាជននេះ ទី១-ដើម្បីគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ដ្រីនាថ្ងៃអនាគត និងទី២-ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាជាតិ ពិសេសក្នុងខេត្ដត្បូងឃ្មុំ ជាក់ស្ដែងឆ្នាំនេះការប្រកួតខុសប្លែកពីលើកដំបូង ដោយគណៈកម្មការបានសម្រេចរៀបចំនូវពានយុវជន U13, U15, U18 និងពានរង្វាន់វ័យចាស់ ក្រៅពីពានរង្វាន់សម្រាប់មនុស្សពេញវ័យទៀតផង។
ទន្ទឹមជាមួយគ្នា ឯកឧត្តម គន់ រ័ត្នមុនី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំ ក៏ដូចជាក្រុមបាល់ទាត់ចូលរួមទាំងអស់ដែលជំរុញឲ្យព្រឹត្តិការណ៍នេះលេចចេញជារូបរៀង និងផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋ ក៏ដូចជាយុវជនបានចូលរួមលេងកីឡា ដែលជាគុណតម្លៃមួយដ៏សំខាន់ ក្នុងការរួមចំណែកកាត់បន្ថយភាពអសកម្ម និងអំពើអបាយមុខក្នុងសង្គម។ មិនតែប៉ុណ្ណោះ កីឡាថែមទាំងរួមចំណែកកសាងធនធានមនុស្សឲ្យក្លាយជាពលរដ្ឋល្អ សិស្សល្អ និងមិត្តល្អ ដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គមជាតិទៀតផង។
សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត រដូវកាលទី២ ឆ្នាំ២០២៣ គឺ ៥កម្រិតផ្សេងគ្នា ក្នុងនោះការប្រកួតបាល់ទាត់មហាជនផ្នែកបុរសលេខ១ ទទួលបាន ២៨លានរៀល, លេខ២ ទទួលបាន ២០លានរៀល, លេខ៣ ទទួលបាន ១២លានរៀល និងលេខ៤ ទទួលបាន ៨លានរៀល។ ក្រៅពីនេះក៏មានការប្រកួតពានរង្វាន់មហាជនផ្នែកនារី, ក្រុមបាល់ទាត់មហាជនវ័យចំណាស់, ជើងឯកយុវជនអាយុក្រោម ១៣ឆ្នាំ និងជើងឯកអាយុក្រោម ១៥ឆ្នាំ ដោយការប្រកួតទាំងមូលគ្រោងនឹងបញ្ចប់នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ ខាងមុខ៕ អត្ថបទ៖ លី ឈុនឡា