អ៊ីរ៉ង់៖ ប្រទេសអ៊ីរ៉ង់បានច្រានចោលការចោទប្រកាន់ដែលថា ខ្លួនបានចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរហូតដល់ទៅ ៨៤% ស្របពេលមានបញ្ហាជាច្រើនដែលនៅតែបន្ត ជាមួយក្រុមឃ្លាំមើលអាវុធនុយក្លេអ៊ែរសកល IAEA និងការមិនស្របគ្នាជុំវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ របស់ខ្លួន។
ទីភ្នាក់ងារព័ត៌មានហិរញ្ញវត្ថុ Bloomberg ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានរាយការណ៍កាលពីថ្ងៃអាទិត្យថា ក្រុមអធិការកិច្ចជាមួយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានរកឃើញការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមដល់កម្រិត ៨៤% ក្រោមកម្រិតតម្រូវការ ៩០% ក្នុងការផលិតអាវុធតែបន្តិចប៉ុណ្ណោះ ហើយកំពុងព្យាយាមកំណត់ថា តើការផលិតនេះជាចេតនា ឬយ៉ាងណា។
នេះគឺជាការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមសុទ្ធខ្ពស់បំផុតមិនធ្លាប់បានឃើញនៅក្នុងប្រទេសអ៊ីរ៉ង់ ដែលបានបង្កើនការផលិតរបស់ខ្លួនចាប់តាំងពីឆ្នាំ២០១៩ មក មួយឆ្នាំបន្ទាប់ពីសហរដ្ឋអាមេរិកបានដកខ្លួនជាឯកតោភាគី ចេញពីកិច្ចព្រមព្រៀងរបស់ខ្លួនជាមួយមហាអំណាចពិភពលោក ហើយអ៊ីរ៉ង់បានប្រកាសថា ខ្លួនចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរហូតដល់ ៦០%។ ក្រុមមន្ត្រីអ៊ីរ៉ង់បាននិយាយថា ពួកគេពុំបានស្វែងរកការផលិតអាវុធនុយក្លេអ៊ែរទេ៕
អត្ថបទ៖ សុខមាន