កំពង់ធំ៖ នៅព្រឹកថ្ងៃទី២០ខែ កុម្ភៈឆ្នាំ២០២៣ លោក គង់ សំអាត អភិបាលរងស្រុកស្ទោង អញ្ជើញបើកការដ្ឋាន គម្រោងសាងសង់ផ្លូវគ្រួសក្រហមប្រវែង៦១០ម៉ែត្រ ស្ពានមួយកន្លែង និងលូ ប្រអប់ពីរកន្លែង ក្រោមគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចជំហានទី២ ចំណាយថវិកាជាង១៩ម៉ឺន ដុល្លារ នៅភូមិកោះសំរោង ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ។
នៅក្នុងឱកាសនេះដែរ លោក គង់ សំអាត អភិបាលរងស្រុកស្ទោង លើកឡើងថា "សមិទ្ធផលថ្មីៗ និងហេដ្ឋារចនានាដែលកើតមានឡើងសព្វថ្ងៃអាស្រ័យដោយសារប្រទេសជាតិយើង មានសុខសន្តិភាពពេញបរិបូរណ៌ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ សមិទ្ធផលថ្មី នេះគឺពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយភាពក្រីក្រក្នុងមូលដ្ឋាន និងបានលើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរឡើងថែមទៀត។
លោកបន្តថា ដើម្បីឲ្យសមិទ្ធផលនេះសាងសង់ប្រកបដោយគុណភាព អាជ្ញាធរឃុំត្រូវ និងអ្នកពាក់ព័ន្ធផ្សេងទៀត ត្រូវសហការគ្នាពិនិត្យមើលដំណើរការសាងសង់ឲ្យត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដើម្បីធនាបានគុណភាព ប្រើប្រាស់បានយូរអង្វែង ។
គួរបញ្ជាក់ថា ផ្លូវគ្រួសក្រហម និងសំណង់ស្ពានលូ ដែលបើកការដ្ឋានសាងសង់នៅពេលនេះ មានប្រវែងសរុប ៦១០ម៉ែត្រ ស្ពានមួយកន្លែង ដែលមានទទឹង៧ម៉ែត្រ បណ្តោយ១៨ម៉ែត្រ និងលូ២កន្លែងប្រវែង១០ម៉ែត្រ ដែលអស់ទឹកប្រាក់សរុបជាង ១៩ម៉ឺនដុល្លាសហរដ្ឋអាមេរិក និងប្រើរយៈពេលសាងសង់៦ខែ៕






