ទាញព្រ័ត្រ៖ ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាបានអំពាវនាវដល់ពលរដ្ឋ យុវជនឲ្យចូលរួមលេងកីឡាទាញព្រ័ត្រឲ្យបានផុលផុស និងបានស្នើដល់បណ្តាប្រទេសអាស៊ាន ដែលមានវប្បធម៌លេងកីឡាទាញព្រ័ត្រត្រូវខិតខំលើកតម្កើង ថែរក្សា និងអភិវឌ្ឍន៍ទាំងអស់គ្នា។ ហើយសហព័ន្ធប្តេជ្ញាថា នឹងបញ្ចូលវិញ្ញាសាទាញព្រ័ត្រនេះទៅក្នុងការប្រកួតកីឡាស៊ីហ្គេមនៅពេលខាងមុខឲ្យបាន។
ថ្លែងនៅក្នុងកម្មវិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹក អាជ្ញាកណ្តាល កីឡាទាញព្រ័ត្រថ្នាក់ជាតិឆ្នាំ២០២២ ដែលចាប់ផ្តើមធ្វើពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានខេត្តកំពត ឯកឧត្តម មាស សារិន ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ និងជាប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាបានលើកឡើងថា កីឡាទាញព្រ័ត្រត្រូវបានគេកាត់ចេញពីវិញ្ញាសាកីឡាអូឡាំពិកនៅឆ្នាំ១៩២០ ប៉ុន្តែបច្ចុប្បន្នកីឡាទាញព្រ័ត្រមាននៅក្នុងវិញ្ញាសាប្រកួតកីឡាពិភពលោកនៅឡើយ។ ដោយឡែកនៅកម្ពុជាកីឡាទាញព្រ័ត្របានកកើតនៅឆ្នាំ២០០៥ និងមានសកម្មភាពលេងទាំងថ្នាក់ក្រោមជាតិ ថ្នាក់ជាតិ និងអន្តរជាតិ។ ហើយកីឡាទាញព្រ័ត្រនេះត្រូវបានដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិវប្បធម៌មនុស្សជាតិរបស់អង្គការយូនីស្កូនៅឆ្នាំ២០១៥។
ហើយដើម្បីលើកតម្កើង ថែរក្សា និងអភិវឌ្ឍកីឡាទាញព្រ័ត្រដែលជាកេរមរតកពីដូនតាកុំឲ្យបាត់បង់នោះ ឯកឧត្តមបានអំពាវនាវដល់ពលរដ្ឋ យុវជនចូលរួមលេងកីឡាទាញព្រ័ត្រឲ្យបានផុលផុស និងបានស្នើដល់បណ្តាប្រទេសនៅអាស៊ានដែលមានវប្បធម៌លេងកីឡាទាញព្រ័ត្រ ដូចជាប្រទេស ថៃ ឡាវ ហ្វីលីពិនជាដើមត្រូវប្រឹងប្រែងទាំងអស់គ្នា ព្រោះទៅថ្ងៃមុខសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាប្តេជ្ញានឹងបញ្ចូលវិញ្ញាសាកីឡានេះ ចូលក្នុងការប្រកួតកីឡាស៊ីហ្គេមឲ្យបាន។ សិក្ខាកាមចូលរួមវគ្គបណ្តុះបណ្តាលគ្រូវបង្វឹក អាជ្ញាកណ្តាលកីឡាទាញព្រ័ត្រថ្នាក់ជាតិឆ្នាំ២០២២ សរុបចំនួន ៤០រូប (នារី ១៥រូប) មកពីអង្គភាពកីឡានរគបាលជាតិកម្ពុជា ក្រសួងការពារជាតិ មន្ទីរអប់រំ ខេត្តកំពត បាត់ដំបង កំពង់ស្ពឺ និងខេត្តកណ្តាល។ ហើយក្នុងកម្មវិធីនោះក៏មានការប្រកួតកីឡាទាញព្រ័ត្រយុវជន ៤ក្រុមសាកល្បងផងដែរដើម្បីប្រកួតជ្រើសរើសចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ក្រោមការត្រួតពិនិត្យលក្ខណៈបច្ចេកទេសការប្រកួតពីលោក ស៊ូឆាត ជាស៊ុរ៉ាផាត់ ប្រធានកីឡាទាញព្រ័ត្រនៃព្រះរាជាណាចក្រថៃ និងអាជ្ញាកណ្តាលលោក គ្រីសាដា ផាតាណាសាប់ មកពីប្រទេសឡាវ៕