ស៊ីហ្គេម៖ នៅសល់ប្រមាណជាង ៧០ថ្ងៃទៀត កម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ គិតត្រឹមថ្ងៃនេះ ចំពោះមុខរដ្ឋបាលខេត្ដព្រះសីហនុបានត្រៀមខ្លួនជាស្រេច ក្នុងការទទួលស្វាគមន៍ប្រតិភូកីឡាប្រណាំងទូកក្ដោង ម៉ូតូទឹក និងកីឡាបាល់ទះលើឆ្នេរខ្សាច់ ប៉ុន្តែគេហាក់ដូចជាមិនទាន់ឃើញផ្ទាំងផ្សព្វផ្សាយស៊ីហ្គេមត្រូវបានលើក ដើម្បីផ្សព្វផ្សាយជូនប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឱ្យបានដឹងទូលំទូលាយនៅឡើយ។
ទាក់ទិនទៅនឹងការរៀបចំនេះ ភ្នាក់ងារទូរទស្សន៍ ប៊ីធីវី បានព្យាយាមស្នើសុំព័ត៌មានពីលោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្ដព្រះសីហនុមិនទាន់បាន តែលោក ឡុង ឌីម៉ង់ អភិបាលរងខេត្ដ និងជាអ្នកនាំពាក្យសាលាខេត្ដព្រះសីហនុប្រាប់ឱ្យដឹងថា លោកកំពុងបំពេញបេសកកម្មនៅបរទេស ចំពោះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅខេត្ដព្រះសីហនុ រដ្ឋបាលខេត្ដព្រះសីហនុ បានត្រៀមខ្លួនជាស្រេចក្នុងការរៀបចំទទួលស្វាគមន៍ ចំពោះការប្រកួតកីឡានេះ។ “យើងជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាស៊ីហ្គេមចំនួន៣ ប្រភេទកីឡា គឺ១-កីឡាម៉ូតូទឹក ២-កីឡាទូកក្តោង និង៣-កីឡាបាល់ទះលើកឆ្នេរខ្សាច់”។
លោកបញ្ជាក់បន្ថែមថា កីឡាទាំង ៣ប្រភេទពុំមានកីឡាករខេត្តព្រះសីហនុទេ ក្នុងនាមម្ចាស់ផ្ទះ រដ្ឋបាលខេត្តមានតួនាទីចង្អុលទីកន្លែងប្រកួត និងអមដំណើរចុះពិនិត្យសម្រេចជាមួយគណៈកម្មការអូឡាំពិក និងមានភារកិច្ចសម្របសម្រួលសន្តិសុខ សណ្តាប់ធ្នាប់ ព្រមទាំងចង្អុលកន្លែងស្នាក់នៅ ហូបចុក។ល៕