បាល់ទាត់៖ យោងប្រភពពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឱ្យដឹងនាពេលថ្មីៗកន្លងទៅនេះថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងចេញដំណើរ ទៅកាន់ប្រទេសបារ៉ែនចូលរួមការប្រកួតកីឡាបាល់ទាត់វគ្គជម្រុះតំបន់អាស៊ីជុំទី២ នៃការប្រកួតកីឡាបាល់ទាត់ពិភពលោក២០២២។
តាំងពីបញ្ចប់ការប្រកួតជើងទី១ និងលេងជើងទី២ បានមួយប្រកួតក្នុងពូល C នាឆ្នាំ២០១៩ ក្រុមបាល់ទាត់កម្ពុជាគ្មានការប្រមូលផ្តុំ និងគ្មានការប្រកួតក្នុងឆ្នាំ២០២០ និងរហូតមកដល់ពេលនេះដោយសារជំងឺរាតត្បាតសកលកូវីដ-១៩។ តែយ៉ាងណាលីគកំពូលកម្ពុជា ២០២០ និង២០២១ លេងជាបន្តបន្ទាប់ទើបតែលើកពេលនាពេលថ្មីៗនេះ។ បើគ្មានការប្រែប្រួល ការប្រកួតនៅសល់ក្នុងពូល C ត្រូវលេងនៅប្រទេសបារ៉ែន ហើយជម្រើសជាតិកម្ពុជានឹងប្រកួតជាមួយម្ចាស់ថ្ងៃទី០៣ ខែមិថុនា។ ៤ថ្ងៃបន្ទាប់កម្ពុជាប្រកួតជាមួយអ៊ីរ៉ាក់ ខណៈថ្ងៃទី១១ ខែមិថុនា កម្ពុជាប្រកួតជាមួយអ៊ីរ៉ង់។ ក្នុងពូល C ប្រាំប្រកួតកន្លងមកនេះមានតែ ១ពិន្ទុប៉ុណ្ណោះក្រោយស្មើ ១ប្រកួត និងចាញ់ ៤ប្រកួត។ លេខ១ អ៊ីរ៉ាក់ ៥ប្រកួតមាន ១១ពិន្ទុ, លេខ២ បារ៉ែន ៥ប្រកួតមាន ៩ពិន្ទុ, លេខ៣ អ៊ីរ៉ង់ ៤ប្រកួតមាន ៦ពិន្ទុ ចំនែកហុងកុងមាន ៥ពិន្ទុ៕
អត្ថបទ៖ គង់ ហួន