អាមេរិក៖ រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយថា លោកបានបង្ហាញពីការព្រួយបារម្ភរបស់លោកទៅកាន់អ្នកការទូតកំពូលរបស់ប្រទេសចិន អំពីការគាំទ្រដែលអាចធ្វើទៅបានរបស់ទីក្រុងប៉េកាំង សម្រាប់យោធារុស្ស៊ីក្នុងការវាយលុកនៅអ៊ុយក្រែនដែលនៅតែបន្ត។
លោក Blinken បានជួបជាមួយលោក Wang Yi នៅខាងក្រៅសន្និសីទសន្តិសុខនៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ ដែលជំនួបនេះមានរយៈពេលប្រហែលមួយម៉ោង។ នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ ABC News កាលពីថ្ងៃអាទិត្យ លោក Blinken បាននិយាយថា ប្រទេសចិនបានផ្តល់ការគាំទ្រផ្នែកនយោបាយ និងការទូតដល់រុស្ស៊ី ប៉ុន្តែទីក្រុងប៉េកាំងកំពុងពិចារណាផ្តល់ការគាំទ្រដល់រុស្ស៊ីក្នុងសង្គ្រាមប្រឆាំងអ៊ុយក្រែន។ លោក Blinken និយាយថា វាជាការសំខាន់សម្រាប់លោកក្នុងការចែករំលែកយ៉ាងច្បាស់ជាមួយលោក Wang Yi ថា នេះនឹងជាបញ្ហាដ៏ធ្ងន់ធ្ងរ។ រដ្ឋាភិបាលអាមេរិកបានបង្ហាញថា រុស្ស៊ីកំពុងស្វែងរកជំនួយផ្នែកយោធាពីប្រទេសចិន។
ជាក់ស្តែងទីក្រុងវ៉ាស៊ីនតោនកំពុងព្រមានថា ខ្លួននឹងមានចំណាត់ការ ប្រសិនបើទីក្រុងប៉េកាំងឆ្លើយតបទៅនឹងសំណើរបស់ទីក្រុងមូស្គូ។ ទំនាក់ទំនងរវាងប្រទេសទាំងពីរសហរដ្ឋអាមេរិក-ចិនមានភាពមិនច្បាស់លាស់ ចាប់តាំងពីទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ប្រទេសចិនបានបង្ហោះបាឡុងចារកម្មនៅលើទ្វីបអាមេរិក មុនពេលយន្តហោះចម្បាំងអាមេរិកបានបាញ់ទម្លាក់តាមការបញ្ជារបស់ប្រធានាធិបតីលោក Joe Biden។ ជម្លោះក៏បានកើតឡើងនៅពេលដែលប្រទេសលោកខាងលិច កំពុងឃ្លាំមើលយ៉ាងដិតដល់នូវការឆ្លើយតបរបស់ក្រុងប៉េកាំងចំពោះសង្គ្រាមនៅអ៊ុយក្រែន៕
អត្ថបទ៖ ប៊ុនថន