បាល់ទាត់៖ អតីតកីឡាករបាល់ទាត់ដែលធ្លាប់ប្រកបអាជីពនៅក្របខណ្ឌ English Premier League, Christian Atsu ត្រូវបានគេរកឃើញសាកសពក្រោមអគារដែលដួលរលំដោយសាររញ្ជួយដីនៅទួកគី។ កីឡាករជំរើសជាតិហ្កាណាវ័យ ៣១ឆ្នាំរូបនេះស្ថិតក្នុងគេហដ្ឋានរបស់ខ្លួន អំឡុងពេលនៃគ្រោះរញ្ជួយដីកាលពី ២សប្តាហ៍មុន ហើយក៏ត្រូវសង្កត់ដោយគំនរផ្ទះដែលដួលរលំនោះ។

តាំងពីហេតុការណ៍រញ្ជួយដីកម្រិត ៧.៨រិចឆ្ទ័រមិនធ្លាប់មាននៅទីក្រុង Antakya ខេត្ត Hatay ប្រទេសទួកគី Christian Atsu ក៏បានបាត់ខ្លួន និងត្រូវបានគេសង្ស័យថាបាត់បង់ជីវិតបាត់ទៅហើយ។ នេះជាដំណឹងដ៏អកុសល និងសោកសង្រេងមួយសម្រាប់គ្រួសារបាល់ទាត់ទាំងមូល ខណៈការប្រកួតនៅ English Premier League កាលពីថ្ងៃសៅរ៍រវាង Newcastle និង Liverpool ក៏មានការគោរពវិញ្ញាណក្ខន្ធរបស់ Atsu និងអ្នកបាត់បង់ជីវិតផ្សេងទៀតប្រមាណជាង ៤ម៉ឺននាក់។
Atsu បានស៊ុតបញ្ចូលទីគ្រាប់ជ័យជំនះនៅនាទីទី៩០+៧ នៅក្របខណ្ឌលីគកំពូលទួកគីឱ្យក្រុមបាល់ទាត់ Hatayspor ឈ្នះលើ Kasimpasa ១-០ តែបានប៉ុន្មានម៉ោងក្រោយមកក៏ត្រូវបានគេរាយការណ៍ថាបាត់ខ្លួន បន្ទាប់ពីហេតុការណ៍រញ្ជួយដីកំរិត ៧.៨រិចឆ្ទ័រដែលបានលេបត្របាក់អគារស្នាក់មួយចំនួនធំនៅព្រំដែនទួកគី និងប្រទេសស៊ីរី។ រំលឹកថា Christian Atsu បច្ចុប្បន្នវ័យ ៣១ឆ្នាំធ្លាប់ចំណាយពេលលេងនៅ Premier League ជាមួយ Newcastle និង Everton ហើយក៏ធ្លាប់ផ្លាស់ទៅ Chelsea ក្នុងកិច្ចសន្យាខ្ចី មុនផ្លាស់ទៅកាន់ Hatayspor កាលពីខែកញ្ញាឆ្នាំមុន៕
អត្ថបទ៖នាង សុភាវុធ