អ៊ុយក្រែន៖ ទាហានអ៊ុយក្រែនម្នាក់ដែលកំពុងការពារទីក្រុង Bakhmut ភាគខាងជើងបាននិយាយថា អង្គភាពរបស់លោកកំពុងត្រៀមប្រយុទ្ធប្រឆាំងកងទ័ពរុស្ស៊ី។

អ៊ុយក្រែនត្រូវបានគេនិយាយថា កំពុងបង្កើនកម្លាំងនៅក្រុង Siversk នៅលើខ្សែការពារតំបន់ Donbas ភាគខាងជើងរបស់ខ្លួនដោយមានកាំភ្លើងធំ និងកម្លាំងមនុស្សកាន់តែច្រើន ខណៈវាត្រូវបានគេមើលឃើញថា ជាសមរភូមិប្រយុទ្ធបន្ទាប់ពីទីក្រុង Bakhmut។ មេបញ្ជាការរងកងទ័ពអ៊ុយក្រែនការពារក្រុង Siversk និយាយថា ប្រសិនបើរុស្ស៊ីដណ្តើមបានទីក្រុង Bakhmut វានឹងធ្វើឱ្យផ្នែកជួរមុខរបស់ពួកគេស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំង។
ទីប្រជុំជនតំបន់ Donetsk គឺទីក្រុង Siversk មានចម្ងាយប្រហែល ៣០គីឡូម៉ែត្រភាគខាងជើងទីក្រុង Bakhmut ដែលបានឃើញការបាញ់កាំភ្លើងធំយ៉ាងខ្លាំង ទាំងការបាញ់ចូល និងបាញ់ចេញជារៀងរាល់ថ្ងៃ ដោយអគារលំនៅឋានជាច្រើនពុំមានមនុស្សរស់នៅ។ មន្ត្រីព័ត៌មានយោធាម្នាក់បាននិយាយថា ជនស៊ីវិលប្រមាណ ១.៥០០នាក់នៅតែបន្តរស់នៅក្នុងទីក្រុង Siversk ដែលទីក្រុងនេះពុំមានអគ្គិសនីប្រើប្រាស់ចាប់តាំងពីខែឧសភា ឆ្នាំ២០២២ មកដោយសារសង្គ្រាមនៅតែបន្ត៕
អត្ថបទ៖ ប៊ុនថន