ភ្នំពេញ ៖ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាន់តែខិតជិតមកដល់ អាជ្ញាធររាជធានីភ្នំពេញបាននឹងកំពុងគិតគូរពីការតុបតែងតាមទីសាធារណៈ និងកិច្ចការរក្សាសន្តិសុខផងដែរ។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយ ការតុបតែងនានា ដើម្បីលើកសោភណ្ឌភាពរាជធានីភ្នំពេញឱ្យកាន់តែរីកស្រស់បំព្រងជាមួយនិងការរក្សាសន្តិសុខឱ្យកាន់តែល្អប្រសើរផងដែរ ខណៈដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ នាខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ។
ការជំរុញរបស់ ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើងខណៈដឹកនាំកិច្ចប្រជុំពិនិត្យ និងកែលម្អប្រព័ន្ធភ្លើងបំភ្លឺតាមដងផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញ សម្រាប់ព្រឹត្តិការណ៍កីទ្បាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធនានា កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា ការងាររៀបចំរាជធានីភ្នំពេញនេះ មិនមែនសម្រាប់តែនៅក្នុងតំបន់នោះទេ តែជារឿងពិភពលោក។ ដូច្នេះក្នុងនាមអាជ្ញាធរត្រូវអនុវត្តការងារនេះឱ្យបានល្អប្រសើរបំផុត។ ឯកឧត្ដម ឃួង ស្រេង បញ្ជាក់ថា កន្លងមកនេះកម្ពុជាបានរៀបចំកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំធំៗមួយចំនួនទៀតទទួលបានលទ្ធផលយ៉ាងជោគជ័យបំផុត រហូតទទួលបានការកោតសរសើរពីភ្ញៀវជាតិ និងអន្តរជាតិផងដែរ។ ចំពោះមុខនៅដើមខែឧសភា ខាងមុខនេះ កម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីទ្បាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដូច្នេះត្រូវរួមគ្នាធ្វើគ្រប់ការងារពាក់ព័ន្ធទាំងអស់ ពិសេសធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋចូលរួម នោះយើងនឹងទទួលបានជោគជ័យ និងមានមោទនភាពទាំងអស់គ្នា។
ឯកឧត្តម ឃួង ស្រេង បានបន្ថែមទៀតថា ក្នុងនាមជាម្ចាស់ផ្ទះ ក្នុងនាមជាអាជ្ញាធរ កម្លាំងមានសមត្ថកិច្ចគ្រប់មូលដ្ឋានទាំងអស់ ត្រូវតែការពារសន្តិសុខជូនកីឡាករ និងភ្ញៀវទាំងអស់ដែលមកស្នាក់នៅព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា







