កំពង់ធំ៖ នៅថ្ងៃទី១៩ ខែកុម្ភៈនេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលេខាទី១ស្ថានទូតឥណ្ឌា ប្រចាំនៅកម្ពុជា ក្រុមហ៊ុនការីទេសចរណ៍ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញទស្សនកិច្ចសិក្សា ជំរុញការអភិវឌ្ឍតំបន់អេកូទេសចរណ៍ផាត់សណ្តាយ បឹងទន្លេសាប និងជំរុញនាំភ្ញៀវទេសចរជាតិ អន្តរជាតិអញ្ជើញទស្សនា។
ក្នុងឱកាសជួបសំណេះសំណាលប្រជាសហគមន៍អេកូទេសចរណ៍ផាត់សណ្តាយ ឯកឧត្តម ថោង ខុន មានប្រសាន៍ថា បច្ចុប្បន្ន តំបន់សហគមន៍អេកូទេសចរណ៍ផាត់សណ្តាយគឺមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងកំពុងរង់ចាំការទទួលភ្ញៀវទេសចរអញ្ជើញទស្សនាកម្សាន្ត មើលរបៀបការរស់នៅរបស់ប្រជាពលរដ្ឋនៅរស់នៅលើផ្ទះបណ្តែតទឹកបឹងទន្លេសាប ទស្សនាសត្វស្លាប ទស្សនារបៀបការនេសាទតាមបែបប្រពៃណីរបស់ពលរដ្ឋអ្នកនេសាទ ការមើលព្រៃកោងកាងតូចធំគ្រប់ប្រភេទទៀត។
ឯកឧត្តម រដ្ឋមន្ត្រី បន្តថា ការមានភ្ញៀវទេសចរជាតិ អន្តរជាតិ ទៅទស្សនាកម្សាន្តសហគមន៍អេកូទេសចរណ៍ផាត់សណ្តាយ ដែលជិះទូកប្រមាណ១០នាទីពីផែឃុំឆ្នុកទ្រូ ខេត្តកំពង់ឆ្នាំង គឺជារួមចំណែកដ៏ធំមួយក្នុងការជំរុញកំណើនជីវភាពពលរដ្ឋនៅក្នុងមូលដ្ឋាន ជាពិសេស ការធនាការអភិរក្ស ការពារធនធានធម្មជាតិ ព្រៃ សត្វស្លាប និងពូជត្រីគ្រប់ប្រភេទនៅក្នុងបឹងទន្លេសាប តាមរយៈការផ្លាស់ប្តូរឥរិយាបថពលរដ្ឋពីការនេសាទត្រីខុសច្បាប់ ទៅចាប់យកការប្រកបរបរវិស័យទេសចរណ៍។
បើតាមលោកស្រី ឆាយ សៀវលីន ប្រធានសមាគមន៍ទីភ្នាក់ទេសចរណ៍កម្ពុជា CATA ថ្លែងថា នៅខែបន្តបន្ទាប់ទៀតនេះ CATA នឹងពិភាក្សាជាមួយក្រុមហ៊ុនការីទេសចរណ៍ជាសមាជិក រៀបចំកញ្ចប់ទេសចរណ៍ទស្សនាផាត់សណ្តាយ ខណៈតំណាងសហគមន៍អេកូទេសចរណ៍ផាត់សណ្តាយបានបង្ហាញការអបអរសាទរ និងត្រៀមទទួលទេសចរទស្សនាតាមកញ្ចប់ទេសចរណ៍នោះប្រកបដោយភាពកក់ក្តៅបំផុត និងចំណាយតិច។
សូមបញ្ជាក់ថា សហគមន៍អេកូទេសចរណ៍ផាត់សណ្ដាយ ជាសហគមន៍នៅលើផ្ទៃទឹកនៃបឹងទន្លេសាប ដែលស្ថិតក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ឃុំផាត់សណ្តាយ មានភូមិចំនួន ៥ មានប្រជាពលរដ្ឋរស់នៅចំនួនជាង ១ ពាន់គ្រួសារ ហើយប្រជាពលរដ្ឋប្រមាណ ៩០% ជាអ្នកប្រកបរបរនេសាទត្រី។
នៅដើមឆ្នាំ២០១៩ ក្រោមជំនួយពីអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល (FACT) បានអនុវត្តគម្រោងមួយផ្តោតជាសំខាន់លើការងារអភិរក្ស ការអភិវឌ្ឍសេវាកម្មអេកូទេសចរណ៍ ការបង្កើនជីវភាពរបស់ប្រជានេសាទ តាមរយៈការបង្កើតប្រភពមុខរបរចម្រុះ ដូចជាក្រុមកែច្នៃកាបូប និងវត្ថុអនុស្សាវរីយ៍ ក្រុមសន្សំ ក្រុមកែច្នៃផលិតកម្មត្រី ការលើកកម្ពស់សុខុមាលភាព និងបរិស្ថាន ដោយរៀបចំអោយមានស្ថានីយផលិតទឹកបរិសុទ្ធ និងឡសម្រាប់ដុតសំរាមជាដើម។ ក្រៅពីនេះ ក៏មានការរៀបចំឱ្យមាន “ផ្សារបណ្ដែតទឹក” ដែលជាផលិតផលទេសចរណ៍ថ្មីនៅក្នុងសហគមន៍អេកូទេសចរណ៍នេះ។
បច្ចុប្បន្នតំបន់សហគមន៍នេះ មានសេវាកម្មជាច្រើនត្រៀមជាស្រេចសម្រាប់ភ្ញៀវទេសចរ ក្នុងនោះរួមមាន សេវាកម្មទូក និងកាណូត ផ្ទះស្នាក់ ប្រភេទផ្ទះបណ្តែតទឹក និងផ្ទះសហគមន៍ សេវាកម្មបោះជុំរុំ សេវាកម្មជូនភ្ញៀវពពៀតព្រៃ និងសេវាកម្មម្ហូបអាហារ៕ អត្ថបទ ស៊ុម សុខជា