អាមេរិក ៖ កាលពីថ្ងៃអាទិត្យម្សិលមិញ យោធាសហរដ្ឋអាមេរិក និងជប៉ុន បានធ្វើសមយុទ្ធកងទ័ពអាកាស ស្របពេលស្ថានភាពសន្តិសុខឡើងកម្តៅកាន់តែខ្លាំងនៅតំបន់ជុំវិញប្រទេសជប៉ុន ក្រោយកូរ៉េខាងជើង បាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ ឆ្ពោះទៅកាន់សមុទ្រនៅជិតតំបន់ឆ្នេរភាគខាងលិចជប៉ុន ។ ក្រសួងការពារជាតិជប៉ុននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សមយុទ្ធទ្វេភាគី នឹងពង្រឹងបន្ថែមទៀតការការពារ និងសមត្ថភាពឆ្លើយតបរបស់សម្ព័ន្ធមិត្តជប៉ុន-សហរដ្ឋអាមេរិក ។ យន្តហោះចម្បាំង B-1Bs ចំនួន ២គ្រឿង និងយន្តហោះចម្បាំង F-16s ចំនួន ៤គ្រឿងរបស់យោធាសហដ្ឋអាមេរិក ហើយនិងយន្តហោះចម្បាំង F-15s ចំនួន ៣គ្រឿងរបស់កងទ័ពស្វ័យការពារអាកាសជប៉ុន បានចូលរួមសមយុទ្ធយោធាលើកនេះ ៕
