
ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ បានរៀបចំកិច្ចពិភាក្សាមួយដោយផ្ដោតលើការពង្រឹងសេវាសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ យុវវ័យ និងអាហារូបត្ថម្ភ ក្រោមអធិប តីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ដើម្បីប្រារព្ធអបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ។
ដើម្បីអបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២៣ ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន រួមជាមួយក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានរៀបចំកិច្ចពិភាក្សាស្តីពី «រួមគ្នាពង្រឹងសេវាសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ យុវវ័យ និងអាហារូបត្ថម្ភ ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០»។
ក្នុងកម្មវិធីនោះ លោកជំទាវអគ្គលេខាធិការបានមានប្រសាសន៍ថា ប្រធានបទនៃកិច្ចពិភាក្សានេះ គឺស្របទៅនឹងប្រធានបទរបស់ទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ២០២៣ ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចេញសារលិខិតផ្ញើជូនបងប្អូនជនរួមជាតិ ក្នុងនាមជា ឥ ស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ហើយក្នុងសារលិខិតនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានជម្រាបជូនពីស្ថានភាពសុខភាពមាតា ទារក និងកុមារ នៅកម្ពុជា នៅក្នុងបរិបទនៃការរស់នៅ តាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទជំងឺកូវីដ-១៩ រួមជាមួយនឹងអ្វីដែលកាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បាននិងកំ ពុងរួមចំណែកជាមួយរាជរដ្ឋាភិបាល លើកកម្ពស់សុខុមាលភាពស្រ្តី និងកុមារ ឈានឆ្ពោះការសម្រេចបាន គោលដៅអភិវឌ្ឍន៍មានចីរភាពឆ្នាំ២០៣០”។
លោកជំទាវអគ្គលេខាធិការបានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា វេទិការនៃកិច្ចពិភាក្សានេះ នឹងដំ ណើរការដោយរលូននឹងផលិតចេញនូវផ្លែផ្កា ខ្លឹមសារសម្រាប់អប់រំផ្សព្វផ្សាយ យ៉ាងទូលំទូលាយ ជាប្រយោជន៍ដើម្បីឱ្យបងប្អូន ប្រជាពលរដ្ឋយើង ជាពិសេសយុវវ័យ ស្រ្តីកំពុងពរពោះ ស្រ្តីមានកូនតូច និងលើកកម្ពស់ការយល់ដឹង អំពីការថែទាំសុខភាពរបស់ខ្លួន ក៏ដូចជាការបង្កើតបាននូវ កូនជាទីស្រឡាញ់របស់ខ្លួន ប្រកបដោយសុខភាពល្អ សតិបញ្ញាវាងវៃ៕ អត្ថបទ៖ សំ ងីម







