ភ្នំពេញ ៖ នៅវិមានសន្តិភាពរសៀលថ្ងៃទី២០កុម្ភ: ក្នុងពេលអនុញ្ញាតឱ្យឯកឧត្តម Park Jung wook ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋកូរ៉េ ចូលជួបសំដែងការគួរសមនិងពិភាក្សាការងារ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្តម Park បានអះអាងថានឹងខិតខំជំរុញទំនាក់ទំនងជាមួយកម្ពុជាឱ្យកាន់តែរឹងមាំឡើងថែមទៀត។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោបានឱ្យដឹងថា នៅក្នុងជំនួបនេះឯកឧត្តម. Park បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមគឺពិតជាមានកិត្តិយសណាស់ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់កូរ៉េមកកាន់ព្រះរាជាណាចក្រកម្ពុជាហើយឯកឧត្តមនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំឡើងថែមទៀត។ឯកឧត្តមបានគោរពពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខអំពីឯកឧត្តមប្រធានាធិបតីកូរ៉េជូនចំពោះសម្ដេចតេជោហើយក៏
បានគោរពជម្រាបជូនសម្ដេចតេជោថា ៖ ឯកឧត្តមបានសិក្សាស្វែងយល់អំពីសកម្មភាពរបស់សម្ដេចតេជោក្នុងការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ក៏ដូចជាការរីកចម្រើនជាលំដាប់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ឯកឧត្តម Park ក៏បានសូមគោរពសម្ដែងនូវការគោរពជូនចំពោះសម្ដេចតេជោឯកឧត្តមបានមានប្រសាសន៍បន្តថា៖ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងកូរ៉េមានការរីកចម្រើនជាលំដាប់ បើទោះបីជាមានជំងឺកូវីដ១៩ ក៏ដោយ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងដល់១ពាន់លានដុល្លារកាលពីឆ្នាំទៅ ហើយកូរ៉េគឺជាអ្នកវិនិយោគលំដាប់លេខ២នៅកម្ពុជាជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសទាំងពីរជាមួយនឹងច្បាប់វិនិយោគថ្មីដែលមិនយកពន្ធត្រួតគ្នានិងមានវិនិយោគមកកាន់កម្ពុជាកាន់តែច្រើនឡើងថែមទៀត។ឯកឧត្តមបាន
បន្ថែមថា៖រដ្ឋាភិបាលកូរ៉េបានផ្ដល់ជំនួយODAមកកម្ពុជាច្រើនជាងគេ រួមទាំងជំនួយសម្រាប់ការសាងសង់ស្ពាន
ឆ្លងកាត់ទន្លេសាបឆ្ពោះទៅជ្រោយចង្វារនិងឆ្លងកាត់ទន្លេមេគង្គឆ្ពោះទៅត្រើយម្ខាងទៀតដែលនឹងជួយក្នុងការធ្វើដំណើរនិងសេដ្ឋកិច្ចកម្ពុជា។ជាមួយគ្នានោះដែរ ឯកឧត្តមក៏បានគោរពជម្រាបជូនសម្ដេចតេជោអំពីក្តីបារម្ភនៃការបាញ់កាំជ្រួចរបស់កូរ៉េខាងជើងដែលជាការគំរាមកំហែងដល់សន្តិភាពនៅឧបទ្វីបកូរ៉េផងនិងពិភពលោកផង។
ជាការឆ្លើយតប សម្ដេចតេជោ បានសម្ដែងនូវការស្វាគមន៍និងអបអរសាទរជូនចំពោះឯកឧត្តមPark ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់កូរ៉េខាងត្បូងប្រចាំកម្ពុជានិងបានថ្លែងអំណរគុណជូនចំពោះឯកឧត្តមParkផងដែរ ចំពោះការពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខអំពីប្រធានាធិបតីកូរ៉េនិងការប្ដេជ្ញាចិត្តក្នុងការពង្រីកពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
សម្ដេចបានជម្រាបជូនឯកឧត្តមPark អំពីដំណើរនៃការចាប់ផ្ដើមទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរហើយសម្ដេចបានយល់ស្របជាមួយនឹងការវាយតម្លៃអំពីទំនាក់ទំនងនៃប្រទេសទាំងពីរដែលបន្តរីកចម្រើនជាលំដាប់។សម្ដេចតេជោបានឆ្លៀតឱកាសថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាលនិងប្រជាជនកូរ៉េដែលបានជួយដល់កម្ពុជាបើទោះបីជាមានការរីករាលកូវីដ១៩ក៏ដោយក៏កូរ៉េមិនបិទការហោះហើរមកកាន់កម្ពុជាឡើយ។
នេះសបញ្ជាក់ឲ្យឃើញថា ទោះបីក្នុងកាលៈទេសៈណាក៏ដោយក៏កូរ៉េមិនផ្លាស់ប្តូរឥរិយាបទចំពោះកម្ពុជាដែរ។ជាមួយគ្នានេះ សម្ដេចក៏បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាលកូរ៉េដែលបានអនុញ្ញាតឲ្យពលករកម្ពុជាបានទៅធ្វើការនៅកូរ៉េទទួលបានប្រាក់ខែនិងជំនាញត្រឡប់មកកម្ពុជាវិញ។សម្តេចអរគុណចំពោះជំនួយរបស់កូរ៉េក្នុងការកសាងស្ពានឆ្លងកាត់ទន្លេសាប ឆ្ពោះទៅជ្រោយចង្វារនិងឆ្លងកាត់ទន្លេមេគង្គ ឆ្ពោះទៅកាន់ត្រើយម្ខាងទៀត។
ចំពោះបញ្ហាកូរ៉េខាងជើងសម្ដេចតេជោ ហ៊ុន សែន បានជម្រាបជូនឯកឧត្តមPark ថា៖កម្ពុជាថ្កោលទោសកូរ៉េខាងជើងដែលធ្វើការបាញ់មីស៊ីលម្ដងហើយម្ដងទៀតរួមទាំងការបាញ់កាលពីព្រឹកមិញផង ដែលជាការរំលោភសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បង្កើតនូវភាពតានតឹងនិងគំរាមកំហែងដល់សន្តិភាពទាំងនៅឧបទ្វីបកូរ៉េនិងនៅលើពិភពលោក៕




