កាយវប្បកម្ម៖ លោក តឹក ប៊ុនវី ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជាបានប្ដេជ្ញានៅតែបន្ដខំប្រឹងអភិវឌ្ឍន៍វិស័យកីឡាមួយនេះឲ្យរីកចម្រើន ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ចូលរួមប្រកួតប្រជែងលើឆាកអន្ដរជាតិ ក៏ដូចជាការត្រៀមចូលរួមប្រកួតជើងឯកពិភពលោកនាចុងឆ្នាំ២០២៣ នេះ។
ការលើកឡើងនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធនឹងកីឡាករ ២រូបរួមមានកីឡាករ ផាន់ ណារិទ្ធ និងកីឡាករ ស៊ាង ម៉េងសាង ដែលបានទទួលស្គាល់កំហុស បន្ទាប់ពីរកឃើញសារធាតុហាមឃាត់កំឡុងការប្រកួតកីឡាជាតិលើកទី៣ ហើយសហព័ន្ធបានពិន័យអ្នកទាំងពីរតាមកិច្ចសន្យា ដោយបញ្ឈប់ការប្រកួតទាំងថ្នាក់ជាតិ និងអន្ដរជាតិ ព្រមទាំងពិន័យប្រាក់ម្នាក់ ២,៥០០ដុល្លារ និងបានដកហូតមេដាយកីឡាជាតិពួកគេទៀតផង។ ប្រធានសហព័ន្ធដដែលបានសម្ដែងការសោកស្ដាយ ចំពោះករណីកីឡាករជម្រើសជាតិទាំង ២រូបដែលទទួលស្គាល់ការប្រើប្រាស់សារធាតុហាមឃាត់ដោយចេតនា បណ្ដាលឲ្យកីឡាកាយវប្បកម្មត្រូវបានដកសិទ្ធពីការប្រកួតស៊ីហ្គេម។ យ៉ាងណាក្ដីក៏លោកប្ដេជ្ញា និងជំរុញឲ្យកីឡាករផ្សេងៗពួតដៃគ្នា បន្ដការខិតខំប្រឹងប្រែងត្រៀមចូលរួមប្រកួតអន្ដរជាតិនានា ដើម្បីលើកមុខមាត់កីឡាកាយវប្បកម្មកម្ពុជាលើឆាកអន្ដរជាតិជាថ្មីផងដែរ។
គួរដឹងថា ការប្រើប្រាស់សារធាតុហាមឃាត់ក្នុងវិស័យកីឡាត្រូវបានហាមឃាត់ដាច់ខាត ពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានជំរុញឲ្យយកចិត្តទុកដាក់ខ្ពស់លើការងារនេះ។ ដើម្បីចៀសវាងនូវបញ្ហាណាមួយកើតឡើងក្នុងស៊ីហ្គេម ម្ចាស់ផ្ទះកម្ពុជាក៏បានសម្រេចដកកីឡាកាយវប្បកម្មពីស៊ីហ្គេមឆ្នាំ២០២៣ តែម្ដង។ យ៉ាងណាមិញក្នុងនាមសហព័ន្ធ លោក តឹក ប៊ុនវី បានទទួលស្គាល់នូវការដកសិទ្ធនេះ ប៉ុន្ដែលោកបានសំណូមពរឲ្យកីឡាករ-កីឡាការិនីទាំងអស់ កុំបោះបង់ការខំប្រឹងត្រូវបន្ដការហ្វឹកហាត់ ដោយគោរពច្បាប់សហព័ន្ធឲ្យបានត្រឹមត្រូវ ដើម្បីមានឱកាសចូលរួមប្រកួតអន្ដរជាតិផ្សេងៗនាពេលខាងមុខ៕
អត្ថបទ៖ លី ឈុនឡា