បាល់ទាត់៖ ប្រធានក្លិប Liverpool សញ្ជាតិអាមេរិកលោក John Henry បាននិយាយថា មិនមានគំរោងណាមួយក្នុងការលក់ក្លិបនៅ Premier League មួយនេះទេ។

ការលើកឡើងនេះគឺផ្ទុយពីអ្វីដែលលោកបាននិយាយកាលពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅដោយក្រុមហ៊ុន Fenway Sports Group (FSG) ដែលបានទិញយកភាគហ៊ុនធំរបស់ហង្សក្រហម Liverpool មកគ្រប់គ្រងកាលពីឆ្នាំ២០១០ ក្នុងតម្លៃ ៣០០លានផោនបាននិយាយកាលពីបីខែមុនថា ក្លិបនឹងពិចារណារកដៃគូវិនិយោគថ្មីប្រសិន Liverpool ស្ថិតក្នុងការចាប់អារម្មណ៍ខ្លាំង។ យ៉ាងណាក្តីក្រោយពីការលើកឡើងបែបនេះកាលពីខែវិច្ឆិកានោះ នាយកគ្រប់គ្រងលោក Tom Werner បាននិយាយថា ក្លិបមិនទាន់មានការប្រញាប់ប្រញាល់ក្នុងការផ្លាស់ក្បាលម៉ាស៊ីនថ្មីឡើយ។
Liverpool កំពុងឈរលេខ៨ នៅ Premier League ក្រោយ ២២ប្រកួតមាន ៣៥ពិន្ទុដេញពីក្រោយតំបន់ Top4 ចំនួន ៧ពិន្ទុ។ សូមបញ្ជាក់ថា ក្លិប Premier League មួយចំនួនកំពុងស្ថិតក្នុងការចរចាផ្លាស់ប្តូរអ្នកវិនិយោគថ្មី ដូចជាបិសាចក្រហម Manchester United ដែលបានប្រកាសលក់ និងមានអ្នកដេញថ្លៃពីររួមមានប្រធានក្រុម INEOS មហាសេដ្ឋីអង់គ្លេស Sir Jim Ratcliffe និងកូនប្រុសអតីតនាយករដ្ឋមន្ត្រីកាតា Sheikh Jassim Bin Hamad Al Thani៕
អត្ថបទ៖នាង សុភាវុធ