ភ្នំពេញ ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ អនុប្រធានក្រុមការងារ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តកំពង់ចាម បានអំពាវនាវដល់សមាជិក សមាជិកា បន្តយកចិត្តទុកដាក់ពង្រឹងចលនា យុវជន នៅក្នុងរចនាសម្ព័ន្ធរបស់គណបក្សគ្រប់ថ្នាក់ ពិសេសនៅតាមមូលដ្ឋានឃុំ/ភូមិ ដោយចាត់ទុកកម្លាំងយុវជនជាសំឡេងដ៏មានសក្តានុពល ក្នុងការគាំទ្រគណបក្ស ប្រកបដោយចីរភាពរយៈពេលវែង។
នៅក្នុងពិធីប្រកាសទទួលភារកិច្ចផ្លូវការរបស់លោក ផេន សុផល ជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបាធាយ បន្ថែមលើស្រុកព្រៃឈរ ដែលរៀបចំឡើងកាលពីថ្ងៃទី៧ មេសា ឆ្នាំ២០១៩កន្លងទៅ ឯកឧត្តម ប៉ាន សូរស័ក្តិ បានសំណូមពរដល់សមាជិកទាំងអស់ ធ្វើការប្រកាន់ខ្ជាប់គោលជំហរមុតមាំ ក្នុងការអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស និងកម្មវិធីនយោបាយរបស់រដ្ឋាភិបាលឲ្យកាន់តែល្អ និងមានប្រសិទ្ធភាពខ្ពស់ សំដៅបង្កើនប្រជាប្រិយភាពរបស់គណបក្ស ដើម្បីរក្សានិងបង្កើនប្រៀបឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅបណ្តាឆ្នាំខាងមុខ។
មានប្រសាសន៍ក្នុងពិធី នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម បានផ្តាំផ្ញើដល់ក្រុមការងារថ្នាក់កណ្តាល និងសមាជិកាទាំងអស់ គោរពតាមលក្ខន្តិកៈ រចនាសម្ព័ន្ធ និងសេចក្តីសម្រេចរបស់មហាសន្និបាតគណបក្សប្រជាជនកម្ពុជា ដូចជា ខិតខំពង្រឹង និងពង្រីកសមាជិកបក្សទាំងបរិមាណ និងគុណភាព ក្តាប់ឱ្យបាននូវឧបាយកល និងចលនាបំផ្លិចបំផ្លាញរបស់ក្រុមអមិត្ត ពិសេសការធ្វើបដិវត្តពណ៌។
យោងតាមរបាយការណ៍គណៈពង្រឹងមូលដ្ឋាន បានបង្ហាញថា ស្រុកបាធាយមានផ្ទៃដីសរុបជិតមានប្រជាជនរស់នៅសរុបជាង ២ម៉ឺន ៧ពាន់គ្រួសារ ស្មើនឹងជាង១២ម៉ឺននាក់ ព្រមទាំងមានសមាជិកបក្សជិត៥ម៉ឺននាក់៕



