គុនខ្មែរ៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានរៀបចំវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រមប្រដាល់គុនខ្មែរកម្រិតបឋមឆ្នាំ២០២៣ លើកដំបូង ដើម្បីកសាងធនធានមន្ដ្រីបច្ចេកទេស ហើយរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាក្បាច់គុនបុរាណមួយនេះឲ្យកាន់តែរីកចម្រើន។
ឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានបញ្ជាក់ថា នេះជាលើកដំបូងហើយដែលសហព័ន្ធរៀបចំវគ្គបណ្ដុះបណ្ដាលកម្រិតបឋមនេះឡើង ដោយកៀរគរអតីតកីឡាករចាស់ៗ និងមន្ដ្រីបច្ចេកទេសវ័យក្មេងចូលរួមវគ្គដ៏មានសារៈសំខាន់នេះ សម្រាប់បន្ដវេនពីមន្ដ្រីបច្ចេកទេសចាស់ៗ។ ប្រធានសហព័ន្ធដដែលបានលើកឡើងថា មន្ដ្រីបច្ចេកទេស ទាំងអាជ្ញាកណ្ដាល និងចៅក្រមមានតួនាទីសំខាន់ណាស់ក្នុងវិស័យកីឡានីមួយៗ ពិសេសវិស័យកីឡាប្រដាល់គុនខ្មែរ ស្របពេលវិស័យកីឡាមួយនេះរីកចម្រើន មានកម្មវិធីប្រកួតច្រើន ក៏ទាមទារឲ្យមានមន្ដ្រីបច្ចេកទេសច្រើន ដើម្បីចូលរួមបម្រើការងារប្រកបដោយវិជ្ជាជីវៈ និងមានប្រសិទ្ធភាពខ្ពស់ផងដែរ។
តាមរយៈនេះ ឯកឧត្តមសង្ឃឹមថា រយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកុម្ភៈនេះ សិក្ខាកាមចូលរួមទាំងអស់ នឹងខិតខំសិក្សាស្វែងយល់ឲ្យបានច្បាស់ពីក្បួនច្បាប់ និងបទបញ្ជាការប្រកួតនានារបស់ប្រដាល់គុនខ្មែរ ដើម្បីក្លាយជាធនធានបន្ដវេនប្រកបដោយគុណផលខ្ពស់ ហើយអាចឈានទៅចូលរួមកាត់សេចក្ដីលើឆាកអន្ដរជាតិនាថ្ងៃអនាគតទៀតផង៕
អត្ថបទ៖ លី ឈុនឡា