ម៉ូតូទឹក៖ កីឡាករម៉ូតូទឹកឆ្នើមកម្ពុជា សាលី អ៊ូមើត បានបង្កការចាប់អារម្មណ៍ជាថ្មីទៀតហើយ ក្រោយបំបែកកំណត់ត្រាកីឡាករអាស៊ីដំបូង ដែលដណ្ដើមបានចំណាត់ថ្នាក់លេខ៤ ក្នុងការប្រកួតកីឡាម៉ូតូទឹកជើងឯកពិភពលោក Jet Ski World Cup 2021 នៅប្រទេសថៃ លើវិញ្ញាសាធំ និងល្បីជាងគេគឺវិញ្ញាសា Ski GP កាលពីចុងសប្ដាហ៍កន្លងទៅ។

ប៉ុន្ដែនៅពីក្រោយការសាងកំណត់ត្រាដ៏អស្ចារ្យនេះ មានរឿងដ៏ភ្ញាក់ផ្អើលមួយទៀតដែលអ្នកគាំទ្រភាគច្រើនមិនបានដឹង គឺកីឡាករជម្រើសជាតិកម្ពុជារូបនេះបានយកម៉ូតូទឹកចាស់ធ្លាប់ឈ្នះមេដាយមាសកីឡាអាស៊ីកាលពី ៤ឆ្នាំមុន ដើម្បីធ្វើការប្រកួតប្រជែងជាមួយក្រុមកីឡាករខ្លាំងៗដែលប្រើប្រាស់ម៉ូតូទឹកថ្មី និងមានកម្លាំងខ្លាំង រហូតបង្កើតកំណត់ត្រាថ្មីដែលពុំទាន់មានកីឡាករអាស៊ីរូបណាធ្វើបាន។ សាលី អ៊ូមើត បានបញ្ជាក់ថា ការប្រកួតនេះ ខ្លួនពិតជាបានប្រើម៉ូតូទឹកចាស់ដែលធ្លាប់យកទៅប្រកួត Asian Games 2018 នៅឥណ្ឌូនេស៊ី ដើម្បីប្រកួតប្រជែងជាមួយកីឡាករខ្លាំងៗផ្សេងទៀត ព្រោះម៉ូតូទឹកថ្មីរបស់ខ្លួនដែលកម្មង់ទិញ និងដំឡើងនៅប្រទេសអូទ្រីសត្រូវបានរាំងស្ទះក្នុងការបញ្ជូនមកប្រទេសថៃ ដោយសារបញ្ហាកូវីដ-១៩ គ្រាដែលជាងរបស់ខ្លួនក៏ឆ្លងជំងឺកូវីដ-១៩ ទើបមិនអាចនាំម៉ូតូទឹកថ្មីមកបាន។ ដោយហេតុនេះ អ៊ូមើត បានសម្រេចប្រើម៉ូតូចាស់ដែលមានកម្លាំងម៉ាស៊ីនត្រឹម ១,៥០០ Stock និងរត់ល្បឿនបានត្រឹម ១០៥ ទៅប្រកួតជាមួយម៉ូតូទឹកគេដែលមានកម្លាំង ១,៨០០ Stock និងរត់ល្បឿនបាន ១២៥ ឡើង។ ប៉ុន្ដែជាមោទនភាពដោយផ្អែកលើសមត្ថភាព បទពិសោធន៍ និងការខំប្រឹងដើម្បីជាតិ បានធ្វើឲ្យរូបគេប្រកួតប្រជែងដោយទំនុកចិត្ត ទោះបីចេញដំណើររៀងយឺតជាងគេបន្តិច តែ អ៊ូមើត បានវ៉ាគូប្រជែងម្ដងមួយៗរហូតសម្រេចបានចំណាត់ថ្នាក់លេខ៤ ក្រោយឆ្លងកាត់ប្រកួតដ៏ស្វិតស្វាញ ២ថ្ងៃកាលពីចុងសប្ដាហ៍កន្លងទៅ។
កីឡាករខ្មែរ-ឥស្លាមរូបនេះបានបញ្ជាក់ថា ប្រសិនបើបានម៉ូតូទឹកថ្មីដែលមានកម្លាំង ១,៨០០ Stock ខ្លួនរំពឹងថា យ៉ាងហោចក៏ដណ្ដើមបានចំណាត់ថ្នាក់លេខ២ ឬលេខ៣ ក្នុងការប្រកួតជើងឯកពិភពលោកនេះដែរ។ ប៉ុន្ដែយ៉ាងណាខ្លួននៅតែមានមោទនភាពជាខ្លាំង ព្រោះការប្រកួតវិញ្ញាសាធំជាងគេលើប្រភេទកីឡាម៉ូទឹកនេះ ពុំធ្លាប់មានកីឡាករអាស៊ីណាដណ្ដើមបានចំណាត់ថ្នាក់លេខ៤ ឬលេខ៥ ឡើយ សូម្បីចំណាត់ថ្នាក់ Top-10 ក៏គ្មានដែរ។ ដូច្នេះខ្លួនប្ដេជ្ញានឹងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឈានទៅដណ្ដើមចំណាត់ថ្នាក់ល្អប្រសើរនាថ្ងៃអនាគត។ គួរបញ្ជាក់ថា សាលី អ៊ូមើត និងសិស្សប្អូន ៤នាក់ផ្សេងទៀតនៃក្រុមជម្រើសជាតិម៉ូតូទឹកកម្ពុជា បានចូលរួមប្រកួតកីឡាម៉ូតូទឹកជើងឯកពិភពលោក នៅតំបន់ឆ្នេរក្រុងប៉ាតាយា ប្រទេសថៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ហើយជាលទ្ធផលមានកីឡាករកម្ពុជា ៣រូប ដែលទទួលបានពានរួមមាន អ៊ូមើត ទទួលបានពានលេខ៤ លើវិញ្ញាសា Ski GP, កីឡាករ ម៉ីន មូស្ដាន ទទួលបានពានលេខ៥ លើវិញ្ញាសា Ski GP ដូចគ្នា និងកីឡាករ ម៉ីន អូស្មាន ទទួលបានពានលេខ៥ លើវិញ្ញាសា Novice Ski Stock។
ប៉ុន្ដែទន្ទឹមជាមួយគ្នា ក៏គួរឲ្យសោកស្ដាយសម្រាប់កីឡាករវ័យក្មេង កៃ វ៉ាន់ស៊ីដែន ដែលជួបគ្រោះថ្នាក់អំឡុងពេលការប្រកួតដោយរអិលជើងធ្លាក់ពីលើម៉ូតូ បណ្ដាឲ្យរងរបួសចង្កាដេចំនួន ១៦ថ្នេរ មិនអាចបន្ដការប្រកួតរហូតចប់ចុងចប់ដើមឡើយ។ វ៉ាន់ស៊ីដែន ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ ក្រោមការចំណាយរបស់កីឡាករផ្ទាល់ ខណៈការប្រកួតបានត្រឹមតែ ១ថ្ងៃរបស់គេ ត្រូវបានគណៈកម្មការសម្រេចផ្ដល់ចំណាត់ថ្នាក់លេខ៨។ ប៉ុន្ដែជាក់ស្ដែង ប្រសិនបើគ្មានគ្រោះថ្នាក់ចៃដន្យទេ ម្ល៉ោះគេអាចប្រជែងចំណាត់ថ្នាក់ Top3 បានទៅហើយ៕
អត្ថបទ៖ លី ឈុនឡា