ភ្នំពេញ៖ កម្ពុជា ក្នុងខែ មិថុនា ឆ្នាំ ២០២៣ខាងមុខនេះ នឹងធ្វើជាម្ចាស់ផ្ទះក្នុងរៀបចំសន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ីប៉ាហ្វិកលើកទី ៥។ សន្និសីទនេះនឹងមានការចូលរួមគណៈប្រតិភូជាថ្នាក់ដឹកនាំជាង ២០ប្រទេសចូលរួម។
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ីប៉ាហ្វិក ដែលនឹងធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ខែ មិថុនា ឆ្នាំ ២០២៣ ហើយនឹងមានការចូលរួមបើកសន្និសីទ ដោយសម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។ សន្និសីទនេះ ធ្វើឡើងក្រោមប្រធានបទ “ ការពង្រឹងការផ្ដល់ភាពអង់អាចផ្នែកសង្គម និងសេដ្ឋកិច្ចរបស់ជនមានពិការភាព ក្នុងអំឡុងនិងក្រោយការរាតត្បាតនៃជំងឺកូវីដ ១៩ តាមរយៈការអភិវឌ្ឍតាមបែបបរិយាបន្ននៅសហគមន៍”។
ពាក់ព័ន្ធនឹងការរៀបចំសន្និសីទនេះ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច លើកឡើងថា គណៈប្រតិភូជាង ២០ប្រទេសនឹងចូលរួម ហើយក៏មានបណ្ដាអង្គការ ជនមានពិការភាពសរុបទាំងអស់ ប្រមាណ ៧០០នាក់ផងដែរ។ ចំពោះការទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំសន្និសីទនេះ ឯកឧត្តមគូសបញ្ជាក់ថា វាជាមោទនភាពដែលនឹងក្លាយជាឱកាសមួយដែលកម្ពុជា អាចបង្ហាញនូវសមិទ្ធផលជាច្រើនដែលកម្ពុជាសម្រេចបាន ក្នុងវិស័យពិការភាពជូនអ្នកចូលរួមជាតិ និងអន្តរជាតិទាំងអស់។
ក្នុងនាមជារដ្ឋលេខាធិការ និងជាអ្នកទទួលបន្ទុកលើវិស័យពិការភាពមួយរូប ឯកឧត្តម ឯម ច័ន្ទមករា បានបញ្ជាក់ដែរថា ជនមានពិការភាពនៅកម្ពុជា គឺទទួលបានសិទ្ធិដូចគ្នាទៅនឹងជនគ្មានពិការភាព។ ជាក់ស្ដែងគឺមានការសម្រួលទៅដល់ហេដ្ឋារចនាសម្ព័ន្ធ ដូចជាជម្រាល នៅតាមទីសាធារណៈ ដើម្បីផ្ដល់ភាពងាយស្រួល់ជនមានពិការភាព ការផ្ដល់ការអប់រំជូនដល់ជនមានពិការភាពចាប់រាប់ពីថ្នាក់មតេយ្យដល់ថ្នាក់ឧត្តម ការផ្ដល់ការងារជូនមានពិការភាពទាំងក្នុងស្ថាប័ន្ធរដ្ឋនិងឯកជន។ សម្រាប់ស្ថាប័នរដ្ឋ គឺមានជនមានពិការភាពជិត ៤០០០នាក់ កំពុងបំពេញការងារ គិតជាភាគរយគឺស្មើនឹង ២,០១ភាគរយ ដែលលើសពីផែនការកំណត់ត្រឹម ២ភាគរយប៉ុណ្ណោះ។ ចំពោះជនមានពិការភាព កំពុងបំពេញការងារក្នុងស្ថាប័នឯកជនវិញ គឺមានចំនួនជិត ៦០០០នាក់។ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងកូវីដ ១៩នេះ រាជរដ្ឋាភិបាល ក៏បានផ្ដល់ការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ដោយក្នុងនោះបានជួយដល់ជនមានពិការភាពប្រមាណជិត ២ម៉ឺននាក់ផងដែរ៕ អត្ថបទ៖ គឹមហុក