បាល់ទាត់៖ ក្លិបបិសាចក្រហម Manchester United បានប្រកាសពីការដំឡើងតម្លៃសំបុត្រចូលទស្សនាផ្ទាល់នៅកីឡដ្ឋាន Old Trafford ជាលើកដំបូងក្នុងរយៈពេល ១១រដូវកាល នេះបើតាមសេចក្តីប្រកាសរបស់ក្លិបនៅក្របខណ្ឌ Premier League មួយនេះកាលពីថ្ងៃចន្ទ។

បើតាមការបញ្ជាក់ក្នុងសេចក្តីប្រកាសរបស់ក្លិបឱ្យដឹងទៀតថា ការសំរេចដំឡើងតម្លៃសំបុត្រនេះគឺបណ្តាលមកការចំណាយ ទៅលើការរៀបចំការប្រកួតនីមួយៗមានការកើនឡើង ពោលគឺការចំណាយកើនដល់ ៤០% ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ និងកើន ១១% ក្នុងរយៈពេល ១២ខែចុងក្រោយ។ ក្លិបក៏បានបន្ថែមទៀតថា សម្រាប់តម្លៃក្មេងអាយុក្រោម ១៦ឆ្នាំនៅរក្សាដដែល ក៏ដូចជាបញ្ចុះតម្លៃ ៥០% សម្រាប់អ្នកគាំទ្រវ័យ ៦៥ឆ្នាំឡើង។
សូមបញ្ជាក់ថា Manchester United កំពុងស្ថិតក្នុងការចរចាលក់ភាគហ៊ុនធំដោយម្ចាស់ក្លិបគ្រួសារត្រកូល Glazers ខណៈបច្ចុប្បន្នមានការដេញថ្លៃទិញពីររួមមានប្រធានក្រុម INEOS មហាសេដ្ឋីអង់គ្លេស Sir Jim Ratcliffe និងកូនប្រុសអតីតនាយករដ្ឋមន្ត្រីកាតា Sheikh Jassim Bin Hamad Al Thani៕
អត្ថបទ៖នាង សុភាវុធ