WHO៖ ប្រមុខអង្គការសុខភាពពិភពលោក បានហៅការកើនឡើងករណីឆ្លងវីរុសកូរ៉ូណាថ្មីៗនៅក្នុងប្រទេសឥណ្ឌាថា "ជារឿងដ៏រន្ធត់បំផុត" ដោយនិយាយថា ទីភ្នាក់ងារអង្គការសហប្រជាជាតិមួយនេះ បានបញ្ជូនឧបករណ៍ជំនួយអុកស៊ីសែនរាប់ពាន់ និងគ្រឿងផ្គត់ផ្គង់សំខាន់ៗដទៃទៀតទៅកាន់តំបន់មួយនេះ។

នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃច័ន្ទ លោក Tedros Adhanom Ghebreyesus ប្រមុខអង្គការសុខភាពពិភពលោកបាននិយាយថា ជំងឺរាតត្បាតសកល "កំពុងបន្តរីករាលដាលយ៉ាងខ្លាំង" នៅទូទាំងពិភពលោក ហើយបាននិយាយថា ការឆ្លងបានកើនឡើងក្នុងរយៈពេល ៩សប្ដាហ៍ជាប់គ្នា ខណៈពេលដែលការស្លាប់បានកើនឡើងនៅសប្ដាហ៍ទី ៦ ជាប់ៗគ្នា។ លោកបាននិយាយថា “មានករណីឆ្លងជាច្រើននៅទូទាំងពិភពលោកកាលពីសប្ដាហ៍មុន ដូចជាក្នុងរយៈពេល ៥ខែដំបូងនៃជំងឺរាតត្បាតសកល។ ដើម្បីដោះស្រាយវិបត្តិដ៏ធ្ងន់ធ្ងរនៅប្រទេសឥណ្ឌា លោកបាននិយាយថា អង្គការសុខភាពពិភពលោកបានបញ្ជូនបុគ្គលិកជាង ២.០០០នាក់ដើម្បីគាំទ្រដល់ការឆ្លើយតបរបស់ឥណ្ឌាជាមូលដ្ឋាន និងកំពុងជួយអាជ្ញាធរក្នុងការពង្រឹងកិច្ចខិតខំប្រឹងប្រែង រួមទាំងការឃ្លាំមើល និងការចាក់វ៉ាក់សាំងជាដើម៕
អត្ថបទ៖ សុខមាន