បាល់ទាត់៖ អ្នកចាត់ការក្លិបបាល់ទាត់តោខៀវ Chelsea លោក Graham Potter នៅតែទទួលបានការគាំទ្រនៅឡើយពីម្ចាស់ក្លិបលោក Todd Boehly ទោះបីក្រុមធ្លាក់ទម្រង់លេងខ្លាំងឈរលេខ ១០ នៅ Premier League។

ក្រុមបាល់ទាត់ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍មួយនេះឈ្នះតែ ២ប្រកួតគត់ក្នុងចំណោម ១៤ប្រកួតចុងក្រោយគ្រប់ក្របខណ្ឌ ខណៈចុងក្រោយបំផុតចាញ់ Southampton ក្នុងផ្ទះខ្លួនឯង ១-០ កាលពីថ្ងៃសៅរ៍។ លោក Graham Potter បានចាកចេញពី Brighton មកដឹកនាំ Chelsea ជំនួសលោក Thomas Tuchel កាលពីខែកញ្ញា។ យ៉ាងណាក្តីម្ចាស់ក្លិបលោក Todd Boehly បានប្រកាសច្បាស់ថា ក្លិបគាំទ្រពេញទំហឹងចំពោះការងាររបស់លោក Graham Potter ជាអ្នកចាត់ការដែលត្រូវបានក្លិបជ្រើសរើសជាដៃគូយូរអង្វែង។
សូមបញ្ជាក់ថា សំពាធបានធ្លាក់មកលើអ្នកចាត់ការ Graham Potter កាន់តែខ្លាំង បន្ទាប់ពីក្លិបបានចំណាយលុយរាប់រយលានក្នុងការនាំចូលកីឡាករថ្មី ៨នាក់នៅក្នុងខែមករាកន្លងទៅ តែក្នុងឆ្នាំ២០២៣ នេះ Chelsea ឈ្នះតែ ១ប្រកួតគត់ ហើយក៏ប្រឈមធ្លាក់ពី UEFA Champions League ត្រឹមវគ្គ ១៦ក្រុមចុងក្រោយទៀតបន្ទាប់ពីចាញ់ជើងទី១ នៅទឹកដី Dortmund ១-០៕
អត្ថបទ៖នាង សុភាវុធ