បាល់ទាត់៖ ក្រុមជើងឯក English Premier League ឆ្នាំ២០១៦ Leicester City បានបន្តដំណើរពង្រឹងកៅអីលេខ៣ របស់ខ្លួនក្នុងតារាងក្រោយជ័យជំនះលើក្រុមភ្ញៀវ Crystal Palace ២-១ សប្តាហ៍ទី៣៣ យប់មិញ។

ក្រុមភ្ញៀវ Crystal Palace ចាប់ផ្តើមដោយនាំមុខមុននៅនាទីទី១២ ដោយ Wilfried Zaha។ ក្រុមរបស់លោក Brendan Rodgers ត្រូវរង់ចាំដល់វគ្គទីពីរនាទីទី៥០ ទើប Timothy Castagne តាមស្មើវិញឲ្យ Leicester City មុនពេលដែលខ្សែប្រយុទ្ធកំពុងឡើងជើង Kelechi Iheanacho ជាអ្នកសំរេចគ្រាប់បាល់ជ័យជំនះឲ្យ Leicester City នៅនាទីទី៨០។ នេះជាគ្រាប់ទី១២ ហើយក្នុងការបង្ហាញខ្លួនត្រឹម ៩ប្រកួតប៉ុណ្ណោះសំរាប់ Kelechi Iheanacho។

បីពិន្ទុបន្ថែមនេះមានន័យថា Leicester City បន្តឈរលេខ៣ ក្នុងតារាងក្រោយលេងបាន ៣៣ប្រកួតរកបាន ៦២ពិន្ទុដេញពីក្រោយក្រុមលេខ២ Manchester United ៥ពិន្ទុ និងនៅពីលើក្រុមលេខ៤ Chelsea ៤ពិន្ទុ ខណៈ West Ham លេខ៥ មាន ៥៥ពិន្ទុដេញពីក្រោយ Chelsea ៣ពិន្ទុ។ ប្រកួតបន្ទាប់ Leicester City ត្រូវទៅទឹកដី Southampton យប់ថ្ងៃសុក្រនេះ ខណៈ Crystal Palace ទទួល Manchester City នៅថ្ងៃសៅរ៍៕
អត្ថបទ៖នាង សុភាវុធ