គ្រីឃីត៖ ទីលានកីឡាគ្រីឃីតត្រៀមស្វាគមន៍ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលទទួលបានការឧបត្ថម្ភពីក្រុមហ៊ុន AZ GROUP នឹងបញ្ចប់ការសាងសង់នាខែមីនាខាងមុខ ស្របពេលមន្ដ្រីជំនាញនៃក្រុមប្រឹក្សាកីឡាគ្រីឃីតអាស៊ីបានវាយតម្លៃខ្ពស់ ចំពោះស្ដង់ដាទីលានត្រៀមព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនៅកម្ពុជានេះ។
នេះបើតាមការបញ្ជាក់របស់លោក Manish sharma នាយកបច្ចេកទេសនៃសហព័ន្ធកីឡាគ្រីឃីតកម្ពុជា បន្ទាប់ពីលោកបានដឹកនាំលោក Prabhakaran ប្រធានព្រឹត្តិការណ៍នៃក្រុមប្រឹក្សាកីឡាគ្រីឃីតអាស៊ី ចុះពិនិត្យវឌ្ឍនភាពទីលានស្ថិតនៅបណ្ដោយផ្លូវ ៦០ម៉ែត្រកាលពីថ្មីៗកន្លងទៅ លោកបានអះអាងថា ទីលាននេះពិតជាមានលក្ខណៈគ្រប់គ្រាន់ សម្រាប់រៀបចំព្រឹត្តិការណ៍អន្ដរជាតិនានា ពិសេសស៊ីហ្គេមនាពេលខាងមុខ។ លោក អ៊ុក សុវណ្ណ តំណាងក្រុមហ៊ុនឧបត្ថម្ភការសាងសង់ទីលានេះបានសម្ដែងសេចក្ដីរីករាយ ដែលបានរួមចំណែកជាមួយវិស័យកីឡាជាតិ ពិសេសកីឡាគ្រីឃីត ដើម្បីឈានទៅទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។
ការរួមចំណែកនេះលោកសង្ឃឹមថា នឹងជំរុញឲ្យការរៀបចំ ក៏ដូចជាការប្រកួតរបស់ក្រុមកីឡាគ្រីឃីតកម្ពុជា ទទួលបានជោគជ័យជូនជាតិក្នុងនាមម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាប្រចាំតំបន់នេះ។ គួរដឹងថា សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ក្នុងនាមម្ចាស់ផ្ទះ សហព័ន្ធកីឡាគ្រីឃីតកម្ពុជាបានដាក់ទិសដៅដណ្ដើមមេដាយមាស ៣ និងប្រាក់ ២ ជូនជាតិ ស្របពេលមានអត្តពលិក ៨ប្រទេសនឹងចូលរួមប្រកួតលើ ៨វិញ្ញាសាផ្សេងគ្នាក្នុងប្រភេទកីឡាគ្រីឃីត នៃព្រឹត្តិការណ៍កីឡាប្រចាំតំបន់ ២ឆ្នាំម្ដងនេះ៕
អត្ថបទ៖ លី ឈុនឡា