បាល់ទាត់៖ ក្រុមការពារតំណែងជើងឯក Real Madrid នៅតែជាបេក្ខភាពឈានមុខគេដែលអាចឈ្នះជើងឯក UEFA Champions League រដូវកាលនេះ បន្ទាប់ពីវាយបកយកឈ្នះនៅទឹកដី Liverpool ៥-២ ជើងទី១ វគ្គ ១៦ក្រុមចុងក្រោយ។
បន្ទាប់ពី ២គ្រាប់នាំមុខដោយ Darwin Nunez និង Mohamed Salah ត្រឹម ១៤នាទីដំបូង Real Madrid បានវាយបកតាមស្មើវិញក្នុងវគ្គទី១ ដដែលដោយ Vinicius Junior ពីរគ្រាប់ម្នាក់ឯង។ ក្នុងចំណោម ៤គ្រាប់នេះមានពីរគ្រាប់កើតចេញពីកំហុសរបស់អ្នកចាំទីក្រុមទាំងពីរម្នាក់មួយគ្រាប់។ ឈានដល់វគ្គទី២ Eder Militao តែតបញ្ចូលទីនាំមុខឱ្យ Real Madrid លើកដំបូងមុនពេលដែល Karim Benzema រកបានពីរគ្រាប់ចុងក្រោយឱ្យ Real Madrid កាន់ ៣គ្រាប់ចំណេញមុនត្រលប់ទៅទឹកដីរបស់ខ្លួនវិញនៅជើងទី២។ Real Madrid បានក្លាយជាក្រុមទីមួយហើយដែលរកបាន ៥គ្រាប់នៅទឹកដី Liverpool នៅក្របខណ្ឌអឺរ៉ុប។
ងាកមកមួយប្រកួតទៀត Napoli ក៏បានយកឈ្នះនៅទឹកដីអាល្លឺម៉ង់របស់ Eintracht Frankfurt ដែរដោយលទ្ធផល ២-០។ ខ្សែប្រយុទ្ធនីហ្សេរីយ៉ា Victor Osimhen នៅតែបន្តកំណត់ត្រាស៊ុតបញ្ចូលទីរបស់ខ្លួន ក្រោយរកបានមួយគ្រាប់ក្នុងជ័យជំនះនេះ និងជាគ្រាប់ទី ១០ ក្នុងចំណោម ៩ប្រកួតចុងក្រោយ។ មួយគ្រាប់ទៀតរបស់ Napoli សម្រេចបានដោយ Giovanni Di Lorenzo។ ជើងទី២ រវាងបួនក្រុមខាងលើនឹងជួបគ្នានៅពាក់កណ្តាលខែមីនាខាងមុខ៕
អត្ថបទ៖នាង សុភាវុធ