រុស្ស៊ី៖ ការផ្អាកសន្ធិសញ្ញានុយក្លេអ៊ែរដ៏សំខាន់ចុងក្រោយរបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ជាមួយសហរដ្ឋអាមេរិក បានកែប្រែប្រទេសទាំង២ ឈានទៅរកយុគសម័យងាយប្រឈមដាក់គ្នាថែមទៀតនៃអាវុធមហាប្រល័យ។ ការផ្អាកសន្ធិសញ្ញា New START នេះកំពុងបង្កក្ដីបារម្ភខ្លាំងនៃការរត់ប្រណាំងអាវុធថ្មី។
យោងតាមក្រុមអ្នកវិភាគផ្នែកសន្តិសុខអន្តរជាតិ ការគំរាមកំហែងនៃជម្លោះអាវុធនុយក្លេអ៊ែរនៅតែមានកម្រិតទាបនៅឡើយ ទោះបីមានសង្គ្រាមនៅអ៊ុយក្រែន ហើយនៅពេលនេះមានការផ្អាកសន្ធិសញ្ញាអាវុធជាយុទ្ធសាស្ត្រថ្មីក៏ដោយ។ ប៉ុន្តែការគំរាមផ្នែកអាវុធនុយក្លេអ៊ែរចុងក្រោយពីវិមានក្រឹមឡាំងនៅពេលនេះ បានបង្កើនក្ដីបារម្ភ និងការព្រួយបារម្ភកាន់តែខ្លាំងជាថ្មីថា ភាពតានតឹងទាំងនេះកំពុងរាលដាលគ្រប់គ្រងលែងបាន។
លោកស្រី Alicia Sanders-Zakre អ្នកសម្របសម្រួលគោលនយោបាយ និងស្រាវជ្រាវនៅក្រុមយុទ្ធនាការលុបបំបាត់នុយក្លេអ៊ែរអន្តរជាតិបាននិយាយថា នេះគឺជាទង្វើគ្រោះថ្នាក់ និងធ្វេសប្រហែសផ្ដើមចេញពីលោក Putin នៅពេលភាពតានតឹងបានហក់ឡើងដល់កម្រិតខ្ពស់បំផុតស្រាប់ទៅហើយនោះ។ លោកស្រីបន្ថែមថា នេះគឺជាការធ្វេសប្រហែស ទង្វើគ្មានការទទួលខុសត្រូវ និងគ្រោះថ្នាក់ចុងក្រោយបំផុតនៃការប្រើវោហារសាស្ត្រនុយក្លេអ៊ែរពីសំណាក់រុស្ស៊ី ដោយអំពាវនាវឲ្យមានការថ្កោលទោសជាសកលលើរាល់ការគំរាមប្រើប្រាស់អាវុធនុយក្លេអ៊ែរណាមួយ៕
អត្ថបទ៖ សុខមាន