បាល់ទាត់៖ ខ្សែបម្រើប៊ែលហ្ស៊ិក Kevin de Bruyne និងខ្សែការពារអេស្ប៉ាញ Aymeric Laporte នឹងអវត្តមានពីការប្រកួតរបស់ Manchester City រាត្រីនេះជើងទី១ វគ្គ ១៦ក្រុមចុងក្រោយនៅទឹកដីរបស់ RB Leipzig។ កីឡាករទាំងពីរមិនបានចូលរួមហ្វឹកហាត់ឡើយ ហើយក៏មិនស្ថិតក្នុងបញ្ជីឈ្មោះកីឡាករដែលត្រូវហោះទៅកាន់ទឹកដីអាល្លឺម៉ង់ដែរ។

បើតាមការបញ្ជាក់របស់អ្នកចាត់ការ Pep Guardiola ឱ្យដឹងថា កីឡាករទាំងពីរមានជំងឺបន្តិចបន្តួច។ ដោយឡែកខ្សែការពារអង់គ្លេស John Stones ក៏នឹងអវត្តមានដែរដោយសាររបួសភ្លៅមិនទាន់ជា តែកីឡាករចំនូលថ្មីទិញបានក្នុងខែមករានេះ Maximo Parrone បានរួមដំណើរជាមួយក្រុមយប់នេះ។ មុនប្រកួតយប់នេះ Manchester City ទើបតែខកចិត្តស្មើនៅទឹកដី Nottingham Forest ១-១ កាលពីថ្ងៃសៅរ៍នៅក្នុងលីគ ដែលធ្វើឱ្យពួកគេត្រូវដេញតាម Arsenal ២ពិន្ទុវិញ។
ងាកមកក្រុមម្ចាស់ផ្ទះ Leipzig វិញគ្រូបង្វឹកលោក Marco Rose បានបង្ហាញក្តីបារម្ភចំពោះវត្តមានខ្សែប្រយុទ្ធន័រវេស Erling Haaland ដែលលោកចាត់ទុកថា ជាឧបសគ្គធំបំផុតសម្រាប់ក្រុមរបស់លោកយប់នេះ។ អតីតខ្សែប្រយុទ្ធ Dortmund រូបនេះបានស៊ុតបញ្ចូលទី ៣២គ្រាប់ហើយនៅគ្រប់ក្របខណ្ឌរដូវកាលនេះ។ សម្រាប់ Leipzig នៅមិនទាន់ច្បាស់ពីវត្តមានខ្សែប្រយុទ្ធបារាំង Christopher Nkunku នៅឡើយ បន្ទាប់ពីសង្កេតឃើញពីអាការៈមិនស្រួលក្នុងការហ្វឹកហាត់ សង្ស័យបញ្ហាជង្គង់រើឡើងវិញ។ Nkunku បានស៊ុតបញ្ចូលទីសរុប ១៧គ្រាប់ហើយគ្រប់ក្របខណ្ឌរដូវកាលនេះឱ្យ Leipzig និងបានចូលលេងផងដែរពេល Leipzig យកឈ្នះ Wolfsburg កាលពីថ្ងៃសៅរ៍៕
អត្ថបទ៖នាង សុភាវុធ