អ៊ុយក្រែន៖ ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារថា ជនស៊ីវិលជាង ៨ពាន់នាក់ត្រូវបានគេកត់ត្រាថាបានស្លាប់នៅអ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីបានវាយលុកក្នុងរយៈពេលជិតមួយឆ្នាំមកនេះ ប៉ុន្តែមានពលរដ្ឋរាប់ពាន់នាក់ទៀតត្រូវបានគេគិតថាបានស្លាប់។

អ្នកនាំពាក្យការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធមនុស្ស លោកស្រី Elizabeth Throssell និយាយថា ចំនួនអ្នកស្លាប់ចុងក្រោយបង្ហាញការកើនឡើងយ៉ាងច្រើន ពីចំនួនសរុបដែលបានចេញផ្សាយកាលពីដើមខែនេះ ដែលមានចំនួន ៧.១៩៩នាក់បានស្លាប់ចាប់តាំងពីការវាយលុកពេញលេញរបស់ទីក្រុងមូស្គូកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ហើយភាគច្រើនកើតឡើងនៅតំបន់ដែលមានប្រជាជនរស់នៅច្រើន។ លោកស្រី Matilda Bogner ប្រធានបេសកកម្មសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅអ៊ុយក្រែននិយាយថា លោកស្រីជឿថា ជនស៊ីវិលរាប់ពាន់នាក់ដែលបានស្លាប់ពុំត្រូវបានកត់ត្រាទុកនោះទេ ភាគច្រើននៅភាគខាងត្បូងទីក្រុង Mariupol របស់ប្រទេសអ៊ុយក្រែន ដែលបច្ចុប្បន្ននេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។

ការសរុបអ្នកស្លាប់របស់អង្គការសហប្រជាជាតិជាផ្លូវការ រួមទាំងជនស៊ីវិលស្លាប់ចំនួន ២០០០នាក់នៅទីក្រុង Mariupol ជាទីក្រុងមានប្រជាជនរស់នៅប្រមាណ ៤៥០.០០០នាក់ មុនពេលរុស្ស៊ីបានឡោមព័ទ្ធរយៈពេល ៣ខែ និងបានបំផ្លាញទីក្រុងនេះ។ រុស្ស៊ីបានបដិសេធថា ពុំបានដាក់គោលដៅទៅលើជនស៊ីវិលនោះទេ ជាអ្វីដែលខ្លួនចាត់ទុកថាជាប្រតិបត្តិការសឹកពិសេស៕
អត្ថបទ៖ ប៊ុនថន