ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា នៅឆ្នាំ២០២២ ការអនុវត្តនូវគោលយោបាយភូមិ-ឃុំ មានសុវត្ថិភាព ធ្វើឲ្យបទល្មើសទូទៅនៅក្នុងប្រទេសកម្ពុជា មានការថយចុះចំនួន ៩ភាគរយ ហើយចំពោះបទល្មើសដែលកើតឡើង គឺសមត្ថកិច្ចបង្ក្រាបបាន រហូតដល់ចំនួន ៩២ភាគរយ ។
នៅក្នុងសន្និបាតត្រួតពិនិត្យលទ្ធផលការងារ ឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចក្រឡាហោម មានប្រសាសន៍ថា កម្លាំងនគរបាលជាតិ និងរដ្ឋបាលគ្រប់ថ្នាក់នៅក្រោមជាតិ បានបន្តខិតខំសហការថែរក្សាសណ្ដាប់ធ្នាប់ និងសុវត្ថិភាពក្នុងសង្គម តាមរយៈការលើកកម្ពស់វិធានការជំនាញ និងការខិតខំជំរុញឲ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ។
សម្ដេច បានបន្តថា នៅឆ្នាំ២០២២ រាជរដ្ឋាភិបាលបានដាក់ចេញ និងអនុវត្តនូវយុទ្ធសាស្ត្រ យុទ្ធនាការ និងប្រតិបត្តិការព្រមៗគ្នា ធ្វើឲ្យបទល្មើសមានការថយចុះ ហើយការបង្ក្រាបបល្មើស មានការកើនឡើងគួរឲ្យកត់សម្គាល់ ។
ឯកឧត្តម ប៉ោ ភក្តិ អគ្គលេខាធិការ នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា ឆ្នាំ២០២២ បានល្មើសជារួម មានការថយចុះចំនួន ២៨៥លើក ក្នុងនោះបទល្មើសឧក្រិដ្ឋកើតឡើង ១៩ករណី, បទមជ្ឈឹមថយចុះជាង ៣០០ករណី ។ ការបង្ក្រាបបទល្មើសជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ បានចំនួនជាង ១៧០ករណី ក្នុងនោះឃាត់ខ្លួនជនសង្ស័យចំនួន ២២៦នាក់ (ជនបរទេស ៣១នាក់) បានបញ្ជូនទៅតុលាការ និងរំដោះជនរងគ្រោះបាន ៥៥២នាក់ ។
ឯកឧត្តម បានបន្តថា នៅតាមព្រំដែន មានភាពល្អប្រសើរ ទោះបីកើតមាននូវបាតុភាពមិនប្រក្រតីមួយចំនួន បង្កដោយភាគីវៀតណាម ដែលបានបោះតង់ និងសងរោងឃ្លាតពីខ្សែព្រំដែន ពី១៥ម៉ែត្រ ទៅ៥០០ម៉ែត្រ សរុប៣៧៦តង់ ស្មើនឹង៩ខេត្ត ក្រោមហេតុផលដាក់ប៉ុស្តិ៍សង្កេតការណ៍ទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងនោះសងនៅទីតាំងឯកភាពគ្នា ៣៣០តង់, រុះចេញ ៧១តង និងលើទីតាំងមិនទាន់ឯកភាពគ្នា ៤៦តង់, រុះចេញ៤២តង ៕អត្ថបទ៖ បាន សុខរិទ្ធិ









