ភ្នំពេញ៖ សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានប្រារព្ធទិវាជាតិសុខភាពមាតា ទារក និងកុមារ ក្រោមប្រធានបទ «រួមគ្នាពង្រឹងសេវាសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ យុវវ័យ និងអាហារូបត្ថម្ភ ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០»
នាព្រឹកទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅបរិវេណមណ្ឌលសុខភាពភ្នំពេញថ្មី ខណ្ឌសែនសុខ ដើម្បីអបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ ខែកុម្ភៈ ។
នាឱកាសនោះ ក្នុងនាមឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ លោក ជិន ប៊ុនធឿន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ ជូនដល់អង្គពិធីទាំងមូល ជាពិសេសបងប្អូនស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូច និងស្ត្រីក្នុងវ័យបន្តពូជទាំងអស់ ប្រកបដោយក្តីនឹករលឹក ។ ជាមួយគ្នានេះ លោកនាយកប្រតិបត្តិសាខា ក៏បានពាំនាំនូវការអំពាវនាវរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ ដែលផ្ញើជូនបងប្អូនជនរួមជាតិដូចតទៅ៖
១. សូមស្រ្តីមានផ្ទៃពោះទាំងអស់៖
ទៅពិនិត្យសុខភាព និងពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យឱ្យបានទៀងទាត់ចំនួន ៤ដង តាមពេលវេលាកំណត់ ទៅទទួលថ្នាំបង្ការជំងឺតេតាណូស និងទៅចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ទៅទទួលយកសេវាបង្ការ/ព្យាបាលទាំងអស់ ពិសេសការស្ម័គ្រចិត្តធ្វើតេស្តឈាមរកមេរោគអេដស៍ ស្វាយ រលាកថ្លើមប្រភេទបេ ដើម្បីទប់ស្កាត់ការចម្លងមេរោគពីម្តាយទៅកូន។
ទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យមានគ្រូពេទ្យជំនាញដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ។
ទៅពិនិត្យសុខភាពក្រោយពេលសម្រាលទាំងម្តាយ ទាំងកូន យកកូនទៅចាក់វ៉ាក់សាំងបង្ការជំងឺ១១មុខ តាមពេលវេលាកំណត់ ត្រូវយកចិត្តទុកដាក់ពិនិត្យតាមដានសុខភាពនិងការលូតលាស់របស់កូន រហូតដល់កូនមានអាយុពីរឆ្នាំ។
បំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ ចាប់ពីពេលកើតភ្លាមរហូតដល់ទារក មានអាយុ៦ខែ និងផ្តល់អាហារបន្ថែមគ្រប់មុខ គ្រប់ជីវជាតិ (បបរខាប់គ្រប់គ្រឿង) រួមជាមួយការបន្តបំបៅទឹកដោះម្តាយរហូតដល់កុមារមានអាយុយ៉ាងតិច២ឆ្នាំ។
ប្រញាប់យកទារកទៅមន្ទីរពេទ្យភ្លាម នៅពេលឃើញសញ្ញាគ្រោះថ្នាក់ណាមួយ នៃជំងឺរលាកផ្លូវដង្ហើម ជំងឺរាក ឬជំងឺផ្សេងទៀត និងយកទារក/កុមារតូចទៅពិគ្រោះយោបល់ និងទទួលការព្យាបាលនៅមន្ទីរពេទ្យ ប្រសិនបើទារក/កុមារតូច មានរាងកាយស្គម ឬមិនឡើងទម្ងន់សោះ។
សូមជ្រើសរើសការពន្យារកំណើត ដើម្បីសុខភាពរបស់ម្តាយ និងទារក។
២. សូមយុវតី ឬស្រ្តីក្នុងវ័យបន្តពូជដែលមានអាយុ ១៥ ទៅ ៤៩ឆ្នាំ ដែលមានបញ្ហាសុខភាពទៅពិគ្រោះយោបល់ ទទួលការថែទាំ ឬការព្យាបាលជំងឺនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ឬគ្លីនិក មានគ្រូពេទ្យជំនាញច្បាស់លាស់ ដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវពីក្រសួងសុខាភិបាល ដើម្បីជៀសវាងគ្រោះថ្នាក់ និងពិការភាព។
៣. សូមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាល និងអ្នកផ្តល់សេវាទាំងអស់ចូលរួមគាំទ្រការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់។
៤. សូមគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងជាតិ-អន្តរជាតិ បន្តវិនិយោគក្នុងការងារសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ យុវវ័យ និងអាហារូបត្ថម្ភ ពិសេសសូមជួយឧបត្ថម្ភគាំទ្រដល់ការងារបណ្តុះបណ្តាលជំនាញ និងវិក្រឹតការដល់មន្ត្រី/បុគ្គលិកសុខាភិបាល រួមទាំងអាជ្ញាធរមូលដ្ឋាន អ្នកអប់រំផ្សព្វផ្សាយនៅសហគមន៍ ឱ្យទទួលបានចំណេះដឹង និងជំនាញពិតប្រាកដ។
នៅក្នុងកម្មវិធីនេះ សាខាក៏បានផ្តល់ជូនស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូច និងស្ត្រីក្នុងវ័យបន្តពូជ ចំនួន៣១នាក់ ដោយក្នុង១នាក់ៗទទួលបាន៖ ឃីត១កញ្ចប់(មុង១ ភួយ១ សារុង១ កន្សែងពោះគោធំ១ កន្សែងជូតទារក១ ក្រម៉ា១ សាប៊ូ២ដុំ) និងថវិកាចំនួន៥ម៉ឺនរៀល ៕អត្ថបទ៖ មុនី និងសីហ






