ភ្នំពេញ ៖ លោកស្រីវេជ្ជបណ្ឌិត អ៊ាត ឆវី ប្រធានកម្មវិធីផ្តល់ថ្នាំបង្ការ ស្រុកប្រតិបត្តិបាសាក់ គ្របដណ្តប់ចំនួន២ខណ្ឌមានជ័យ និងច្បារអំពៅ ប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី២៧ មេសា ២០២១នេះថា អ្នកចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួនពីរលើក មិនអាចការពារបាន១០០%នោះទេ ប៉ុន្តែបើអ្នកឆ្លងកូវីដ-១៩ អាចស្ថិតក្នុងកម្រិតស្រាល ប៉ុន្តែយើងត្រូវអនុវត្ត៣ការពារ និង៣កុំ។
លោកស្រី វេជ្ជបណ្ឌិត អ៊ាត ឆវី បានបន្តទៀតថា បើទោះបីជាអ្នកចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន២លើករួចហើយកី្ត ក៏ត្រូវតែអនុវត្តវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការឆ្លងមេរោគដ៏កាចសាហាវនេះ។
លោកស្រី វេជ្ជបណ្ឌិត អ៊ាត ឆវី បានបញ្ជាក់ទៀតថា សម្រាប់មូលដ្ឋានខណ្ឌច្បារអំពៅ និងខណ្ឌមានជ័យ ស្ថិតក្រោមការគ្រប់គ្រងរបស់ស្រុកប្រតិបតិ្តបាសាក់ ក៏បានចាប់ផ្តើមបើកយុទ្ធនារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០២១ ប្រភេទស៊ីណូហ្វាម សម្រាប់មនុស្សអាយុចាប់ពី១៨ឆ្នាំ និងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ ចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ ប្រភេទ កូវីសែល សម្រាប់មនុស្សអាយុពី៦០ឆ្នាំឡើង។ ដោយឡែកនាថ្ងៃនេះ បន្ទាប់ពីក្រុមគ្រូពេទ្យបានចាក់វ៉ាក់សាំងកូវីដ-១៩ ប្រភេទស៊ីណូហ្វាម ដូសលើកទី១រួចហើយ ក្រុមគ្រូពេទ្យកំពុងចាក់វ៉ាក់សាំងកូវីដ-១៩ ដូសលើកទី២ ជូនឥស្សរជន និងប្រជាពលរដ្ឋ កំពុងបន្តដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ តាមការកំណត់។ ទន្ទឹមនឹងនោះវ៉ាក់សាំងកូវីដ-១៩ ប្រភេទកូវីសែល មិនទាន់ដល់ថ្ងៃដែលត្រូវចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋនោះទេ គឺបន្ទាប់ពីរយៈពេលចាក់វ៉ាក់សាំងកូវីដ-១៩ ដូសលើកទី១ និងដូសលើកទី២ ពី៨សប្តាហ៍ ទៅ១២សប្តាហ៍៕
អត្ថបទ រដ្ឋា

