អាហ្វហ្គានីស្ថាន៖ ច្រកឆ្លងកាត់ព្រំដែនសំខាន់រវាងប្រទេសប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាននៅតែត្រូវបានបិទអស់រយៈពេល ៣ថ្ងៃរហូតមកដល់ថ្ងៃអង្គារ ដោយរថយន្តដឹកទំនិញរាប់ពាន់គ្រឿងបានជាប់គាំង ហើយអាជីវកម្មប្រឈមនឹងការខាតបង់ ខណៈមន្ត្រីមកពីភាគីទាំងពីរព្យាយាមរកដំណោះស្រាយ។
អាជ្ញាធរក្រុមតាលីបង់កាលពីថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈបានបិទច្រកព្រំដែន Torkhum ជាច្រកសំខាន់នៃការដឹកជញ្ជូនសម្រាប់អ្នកដំណើរ និងទំនិញរវាងប្រទេសប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន។ សភាពាណិជ្ជកម្ម និងឧស្សាហកម្មចម្រុះប្រទេសប៉ាគីស្ថាន-អាហ្វហ្គានីស្ថានបាននិយាយថា ការបិទច្រកព្រំដែនរវាងប្រទេសទាំង២ កំពុងបង្កការខាតបង់ដល់ពាណិជ្ជករ។ រថយន្តដឹកទំនិញរហូតដល់ ៦,០០០គ្រឿងដែលផ្ទុកទំនិញបានជាប់គាំងនៅទាំងសងខាងចាប់តាំងពីថ្ងៃអាទិត្យ។ មូលហេតុនៃការបិទនេះនៅពុំទាន់ច្បាស់ទាំងស្រុងនៅឡើយ ទោះបីជាមន្ត្រីមកពីភាគីទាំងសងខាងបាននិយាយថា ពួកគេកំពុងពិភាក្សាគ្នាដើម្បីដោះស្រាយបញ្ហានេះក៏ដោយ។
មន្ត្រីក្រុមតាលីបង់ម្នាក់និយាយថា ប្រទេសប៉ាគីស្ថានមិនបានធ្វើតាមការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការអនុញ្ញាតឱ្យឆ្លងកាត់ចំពោះអ្នកធ្វើដំណើរ និងអ្នកជំងឺដែលស្វែងរកការព្យាបាលត្រូវឆ្លងកាត់ព្រំដែន។ អាជីវករ ជាពិសេសអ្នកផ្គត់ផ្គង់អាហារស្រស់ៗដូចជាបន្លែ ផ្លែឈើបាននិយាយថា ពួកគេកំពុងប្រឈមនឹងការខាតបង់ ដោយសាររថយន្តបានជាប់គាំងនៅតាមផ្លូវរយៈពេល ៣ថ្ងៃមកហើយ។ ពលរដ្ឋបាននិយាយថា មានការបាញ់កាំភ្លើងកាលពីព្រឹកថ្ងៃចន្ទនៅជិតច្រកព្រំដែន Torkhum ប៉ុន្តែមន្ត្រីតាលីបង់បានបដិសេធការប៉ះទង្គិចគ្នាណាមួយ និងបាននិយាយថា ស្ថានភាពស្ថិតក្រោមការគ្រប់គ្រង៕
អត្ថបទ៖ ប៊ុនថន