ភ្នំពេញ៖ ស្របតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី បច្ចុប្បន្នក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានត្រៀមរៀបចំផែនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជននៅគ្រួសារក្រីក្រ និងងាយរងគ្រោះទូទាំងប្រទេសចំនួន ១លាន ៥សែននាក់ ដោយរដ្ឋធានាផ្តល់ប្រាក់ឧបត្ថម្ភចាប់ពីឆ្នាំ២០២៣នេះតទៅឱ្យមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងអង្គសន្និបាតបូកសរុបការងារ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៣ កាលពីព្រឹកថ្ងៃទី២២ ខែកុម្ភៈនេះ បានបញ្ជាក់ពីការខិតខំអនុវត្តបានយ៉ាងល្អតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិដ៏ជាក់លាក់របស់រាជរដ្ឋាភិបាល ដើម្បីធ្វើការអភិវឌ្ឍមូលធន មនុស្សដែលជាធនធាន ជន្ទល់គាំទ្រឱ្យការរីកចំរើននៃសង្គមសេដ្ឋកិច្ចជាតិក្នុងរយៈពេលខ្លី មធ្យម និងវែង ដោយជំរុញឱ្យប្រជាពលរដ្ឋមានការងារសមរម្យ និងកម្រិតជីវភាពកាន់តែប្រសើរឡើង, ការលើកកម្ពស់សេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ, បង្កើនបាននូវកម្លាំងពលកម្ម ឬធនធានមនុស្សកម្ពុជាប្រកបដោយចំណេះដឹង សមត្ថភាព ជំនាញឥរិយាបថការងារ ផលិតភាពខ្ពស់ និងមានលក្ខណៈប្រកួតប្រជែងសម្រាប់ការងារពេញមួយជីវិត និង ធានាថា “ប្រជាពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចំាជីវិត”។
ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងទៀតថា ស្របជាមួយការវិវត្តរីកចម្រើននៃសេដ្ឋកិច្ចជាតិ ក្រសួងបាន និងកំពុងបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍទីផ្សារការងារដែលមានភាពធន់ និងមានប្រាក់ចំណូលខ្ពស់សម្រាប់ប្រជាពលរដ្ឋ, មានលក្ខខណ្ឌការងារល្អប្រសើរ ដោយផ្តោតលើការលើកកម្ពស់សុខុមាលភាពកម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងលើកកម្ពស់សកម្មភាពធុរកិច្ចប្រកបដោយភាពរស់រវើក និងការវិនិយោគប្រកបដោយចីរភាព ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងទីផ្សារការងារ តាមរយៈការធ្វើបច្ចុប្បន្នភាពច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ រួមមាន ការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីសហជីព និងការអនុម័តច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា និងច្បាប់ស្តីពីរបបសន្តិសុខសង្គម៕អត្ថបទ៖ឈិត បូរ៉ាវី






