ភ្នំពេញ៖ អាជ្ញាធរមីន និងក្រុមហ៊ុនមេធាវី លឹម អាន & សាអ៊ឹម បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់សម្រាប់ការងារសកម្មភាពមីននៅកម្ពុជា។
នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងអាជ្ញាធរមីន និងក្រុមហ៊ុនមេធាវី លឹម អាន & សាអ៊ឹម ស្តីពីភាពជាដៃគូ ជាមួយវិស័យឯកជន សម្រាប់ការងារសកម្មភាពមីននៅកម្ពុជា។
លោក អាន សុវឌ្ឍនា តំណាងក្រុមហ៊ុនក្រុមហ៊ុនមេធាវី លឹម អាន & សាអ៊ឹម បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមីន ក្នុងការងារគ្រប់គ្រង និងសម្របសម្រួលសកម្មភាពមីននៅកម្ពុជា ព្រមទាំងទទួលបាននូវសមិទ្ធផលយ៉ាងច្រើនក្នុងកាងារបោសសម្អាតមីនកន្លងមក ជាពិសេសបានប្រកាសភូមិ ឃុំ ស្រុក និងខេត្តអស់មីន ជាបន្តបន្ទាប់។
ក្រុមហ៊ុនមេធាវី លឹម អាន & សាអ៊ឹម នឹងចូលរួមផ្តល់ការពិគ្រោះយោបល់ផ្នែកច្បាប់ និងចូលរួមផ្សព្វផ្សាយអំពីសមិទ្ធផលសំខាន់ៗរបស់អាជ្ញាធរមីន ទៅគ្រប់វិស័យឯកជន និងក្រុមមេធាវីនៅកម្ពុជា ព្រមទាំងល ចូលរួមទៅលើការបណ្តុះបណ្តាលផ្នែកច្បាប់លើប្រធានបទខ្លីៗ ជូនដល់មន្រ្តីបុគ្គលិករបស់អាជ្ញាធរមីន ផងដែរ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណ ក្រុមហ៊ុនមេធាវី លឹម អាន & សាអ៊ឹម ចំពោះការចូលរួមប្រកបដោយទឹកចិត្តសប្បុរស និងលើកកម្ពស់សកម្មភាពមីននៅកម្ពុជា ដែលជាការងារបោសសម្អាតមីន គឺជាការងារមួយមានហានិភ័យខ្ពស់ និងប្រឈមគ្រោះថ្នាក់គ្រប់ពេលវេលា។ ការចងមេត្រីភាពរវាងអាជ្ញាធរមីន និងក្រុមហ៊ុនមេធាវី លឹម អាន & សាអ៊ឹម នេះ ពិតជាមានសារៈសំខាន់ណាស់ និងត្រូវការធាតុចូលបន្ថែមផ្នែកច្បាប់សម្រាប់សកម្មភាពមីននៅកម្ពុជា ក្នុងករណីចាំបាច់ណាមួយ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បន្តទៀតថា ការចូលរួមដោយទឹកចិត្ត អត់មានតួលេខកំណត់ទេ គឺជាការចែករំលែកសេចក្តីស្រឡាញ់ជូនអ្នកដទៃ ដែលកំពុងរស់នៅក្នុងតំបន់រងផលប៉ះពាល់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ហើយអ្វីដែលយើងកំពុងធ្វើ គឺសុទ្ធតែដើម្បីប្រយោជន៍ជាតិមាតុភូមិរបស់យើង ផងដែរ។ ក្រោមម្លប់សន្តិភាព ប្រជាពលរដ្ឋកម្ពុជា ទទួលបានអនាគតល្អ និងមានការរីកចំរើនទៅមុខជានិច្ច ហើយឱកាសរបស់យើងទាំងអស់គ្នា គ្មានដែនកំណត់ឡើយ៕ អត្ថបទ៖ដាវណ្ណ





