ភ្នំពេញ ៖ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការប្រចាំការ តំណាងឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា ស្របពេលដែលជំងឺគ្រុនចាញ់ ត្រូវលុបបំបាត់ទាំងស្រុងនាឆ្នាំ២០២៥ យើងក៏ត្រូវពួតដៃគ្នា លុបបំបាត់ជំងឺគ្រុនឈាម និងឈីក។
ការថ្លែងរបស់លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការប្រចាំការ ក្រសួងសុខាភិបាល យ៉ាងដូច្នេះក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត, នាខេត្តព្រះសីហនុ ល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។
លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្តិ បានបន្តទៀតថា សន្និបាតរយៈពេល២ថ្ងៃកន្លះ និងក្នុងរបាយការណ៍របស់លោកប្រធានមជ្ឈមណ្ឌល គឺសម្រាប់ជំងឺគ្រុនចាញ់ បានឈានមុខគេហើយ យើងសឹងតែឈានមុខហួសពីរយៈពេលទទួលបានជោគជ័យក្នុងបណ្តាប្រទេសក្នុងតំបន់អាស៊ាន គឺគោលដៅរបស់អាស៊ាន យើងបានឆ្លងផុតមុនអាស៊ានជិត៥ឆ្នាំនេះជាមោទនភាពដែលយើងទទួលបាន។ ហើយលទ្ធផលដែលយើងទទួលបាននេះ គឺដោយសារការចូលរួមពីផ្នែកពាក់ព័ន្ធទាំងអស់ ដែលលោកបានខិតខំដុតដៃដុតជើង ធ្វើការទាំងយប់ ទាំងថ្ងៃ ជាពិសេសអង្គការដៃគូដែលចូលរួមឧបត្ថម្ភគាំទ្រ ទៅាំងថវិកា និងបច្ចេកទេស។ ហើយអ្វីដែលលោកជំទាវ បារម្ភនោះ គឺយើងត្រូវពួតដៃគ្នាឲ្យជំងឺគ្រុនឈាម និងជំងឺគ្រុនឈីក ឲ្យមានការថមថយ កុំឲ្យអ្នកជំងឺស្លាប់ ប្រសិនបើគាត់មានបញ្ហាសុខភាព ត្រូវតាមដានសុខភាព និងធ្វើតេស្តបញ្ជូនទៅមន្ទីរពេទ្យរដ្ឋថ្នាក់ជាតិ។ ក្នុងន័យនេះលោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ បានអំពាវនាវដល់ដៃគូឯកជន យើងមិនអាចភ្លេចបាននោះទេ ត្រូវតែធ្វើការងារជាមួយគ្លីនិកឯកជន ប្រសិនបើគ្លីនិកឯកជន ជួបបញ្ហា ត្រូវបញ្ជូនអ្នកជម្ងឺមកមន្ទីរពេទ្យរដ្ឋ ដើម្បីឲ្យក្រុមការងារគ្រូពេទ្យជំនាញ ជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋបានទាន់ពេលវេលា។
លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត បានឲ្យដឹងថា មជ្ឈមណ្ឌល មានមុខងារចំបងដឹកនាំបេសកកម្មប្រយុទ្ធ និងលុបបំបាត់រាល់ជំងឺបង្កឡើងដោយភ្នាក់ងារចម្លងបាណកសត្វ និងប៉ារ៉ាស៊ីត តាមរយៈកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ គ្រុនឈាម និងដង្កូវព្រូន ដោយមានកិច្ចសហការដៃគូអភិវឌ្ឍន៍ ដៃគូអនុវត្តជាតិ និងអន្តរជាតិចូលរួម។ វឌ្ឍនភាពចំបងៗនៃបេសកកម្មរបស់កម្មវិធីជាតិរួមមាន៖ សមិទ្ធផលទទួលបាននូវវិញ្ញាបនបត្រពីអង្គការសុខភាពពិភពលោក នាឆ្នាំ២០១៧ អំពីជំងឺព្រូនជើងដំរី លែងជាបញ្ហាសុខភាពសារធារណៈនៅប្រទេសកម្ពុជា។ សមិទ្ធផលសម្រេចជោគជ័យលើគោលដៅគន្លឹះឆ្នាំ២០១៥ បញ្ឈប់ភាពស៊ាំថ្នាំអាតេម៉ីស៊ីនីនជាមួយមេរោគគ្រុនចាញ់។ សំរេចជោគជ័យលើគោលដៅគន្លឹះឆ្នាំ២០២០ ដោយគ្មានមនុស្សស្លាប់ដោយជំងឺគ្រុនចាញ់តាំងពីឆ្នាំ២០១៨។ ក្រៅពីនេះ កម្មវិធីជាតិកំពុងដំណើរការប្រតិបត្តិការយ៉ាងសស្រាក់សស្រាំ ប្រកបដោយការលះបង់ ទទួលខុសត្រូវវខ្ពស់ឈានទៅសម្រេចគោលដៅផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់គ្រប់ប្រភេទឆ្នាំ២០២៥ លុបបំបាត់ជំងឺព្រូនស៊ីស្តូនៅឆ្នាំ២០២៥ និងប្រយុទ្ធកាត់បន្ថយផងដែរនូវបន្ទុកជំងឺឈឺ-ស្លាប់បង្កឡើងដោយអាបូវីរុស ជំងឺបង្កឡើងដោយដង្កូវព្រូន ព្រមទាំងជំងឺតំបន់ត្រូពិចដែលមិនសូវមានការយកចិត្តទុកដាក់ផ្សេងទៀត ដូចជា ជំងឺគ្រុនឈាម គ្រុនឈីក ហ្ស៊ីកា ជំងឺដង្កូវព្រូនឆ្លងតាមដី ជាដើម។ ឆ្នាំ២០២២កន្លងមកនេះ កម្មវិធីជាតិក៏កំពុងបាននាំមកនូវវឌ្ឍនភាពសមិទ្ធផលវិជ្ជមានជាច្រើនលើសូចនាករប្រចាំឆ្នាំ ទាំងកម្មវិធីគ្រុនចាញ់ កម្មវិធីគ្រុនឈាម និងកម្មវិធីដង្កូវព្រូន៕ អត្ថបទ ៖ រដ្ឋា











