រុស្ស៊ី៖ ទីក្រុង Moscow បាននិយាយថា ប្រមុខការទូតរុស្ស៊ីលោក Sergei Lavrov និងប្រធានការិយាល័យកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សរបស់បក្សកុំហ្មុយនីសរបស់ចិនលោក Wang Yi ពុំបានពិភាក្សាពីផែនការសន្តិភាពរបស់ចិន ក្នុងការដោះស្រាយជម្លោះនៅក្នុងប្រទេសអ៊ុយក្រែនទេ នៅពេលប្រមុខទូតទាំង២ បានជួបគ្នាកាលពីថ្ងៃពុធ ទី២២កុម្ភៈសប្ដាហ៍នេះ។
លោក Wang ជាមន្ត្រីជាន់ខ្ពស់បំផុតរបស់ចិនដែលបានទៅទស្សនកិច្ចប្រទេសរុស្ស៊ីលើកដំបូង ចាប់តាំងពីសង្គ្រាមអ៊ុយក្រែនជិត ១ឆ្នាំមកនេះបានជួបលោកប្រធានាធិបតី Vladimir Putin និងលោក Lavrov ក្នុងជំនួបដាច់ដោយឡែកពីគ្នា ស្របពេលភាពមន្ទិលសង្ស័យថា តើភាគីទាំង២ នឹងពិភាក្សាពីផែនការសន្តិភាពរបស់ចិនសម្រាប់ជម្លោះអ៊ុយក្រែន ឬអត់។ លោក Putin និយាយថា ទំនាក់ទំនងដ៏សំខាន់រវាងរុស្ស៊ី និងចិននឹងធ្វើឲ្យស្ថានភាពអន្តរជាតិមានស្ថិរភាព។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ថា យើងបានដឹងសេចក្ដីថ្លែងការណ៍នានា ចេញដោយក្រុមអ្នកនយោបាយលោកខាងលិចមួយចំនួន និងសារព័ត៌មាននានាទាក់ទងនឹងផែនការសន្តិភាពរបស់ចិន។
តាមធម្មតាពួកគេមួលបង្កាច់រូបភាពពិត។ លោកស្រីបន្ថែមថា ដៃគូចិនបានប្រាប់យើងអំពីទស្សនៈរបស់ពួកគេទៅលើឫសគល់នៃវិបត្តិអ៊ុយក្រែន ព្រមទាំងមធ្យោបាយដោះស្រាយផ្នែកនយោបាយរបស់ខ្លួន។ ពុំមានផែនការណាផ្សេងទៀតទេ។ ប្រទេសរុស្ស៊ីកាលពីថ្ងៃពុធ ខ្លួនបានស្វាគមន៍ប្រទេសចិនដែលទទួលយកតួនាទីកាន់តែសកម្មថែមទៀត ក្នុងកិច្ចខិតខំប្រឹងប្រែងដោះស្រាយជម្លោះនៅអ៊ុយក្រែន និងនិយាយថា ខ្លួនបានផ្ដល់តម្លៃខ្ពស់ចំពោះមធ្យោបាយប្រកបដោយតុល្យភាពរបស់ចិន ដែលក្នុងនោះទីក្រុងប៉េកាំងបានបង្ហាញសញ្ញាពីការត្រៀមខ្លួនទទួលតួនាទីស្ថាបនា៕
អត្ថបទ៖ សុខមាន