បាល់ទះ៖ ក្រុមបាល់ទះជម្រើសជាតិកម្ពុជាបានកែប្រែបរាជ័យដំបូងនៃជំនួបមិត្តភាព និងបានយកឈ្នះការប្រកួតទី២ ទៅលើក្រុមបាល់ទះជម្រើសជាតិបារាំងអាយុក្រោម ១៩ឆ្នាំដោយលទ្ធផល ៣-១ ល្ងាចថ្ងៃទី២២ កុម្ភៈម្សិលមិញនេះនៅពហុកីឡដ្ឋានជាតិ។
ការប្រកួតនេះបានធ្វើឡើងក្រោមវត្តមានឯកឧត្តមនាយឧត្ដមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ហើយក៏មានការអញ្ជើញចូលរួមទស្សនាពីមន្ដ្រីទូតបារាំងប្រចាំប្រទេសកម្ពុជាផងដែរ។ ជំនួបមិត្តភាពអន្ដរជាតិជាមួយក្រុមយុវជនបារាំង ដែលជាប្រទេសមហាអំណាចបាល់ទះមួយលើពិភពលោកនេះ បានផ្ទុះការចាប់អារម្មណ៍ជាខ្លាំងពីអ្នកគាំទ្រដែលមានទស្សនាផ្ទាល់ប្រមាណ ៥ពាន់នាក់។ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបានឲ្យដឹងថា បរាជ័យ ៣សិតផ្ទួនកាលពីថ្ងៃទី១៩ ក្រោមស្នាដៃក្រុម U19 បារាំង ក្រុមបាល់ទះជម្រើសជាតិកម្ពុជាបានសិក្សាស្វែងយល់ពីចំណុចខ្សោយរបស់ខ្លួន និងចំនុចខ្លាំងរបស់បារាំងទើបឈានដល់ការទទួលបានជ័យជំនះបែបនេះ។
ចំណែកគ្រូបង្វឹកក្រុមបាល់ទះជម្រើសជាតិកម្ពុជាលោក Li Jun ក៏បានបញ្ជាក់ថា ការប្រកួតមិត្តភាពទី២ នេះក្រុមរបស់លោកមានភាពជឿជាក់ និងស្មារតីល្អជាងការប្រកួតទី១ និងមានការផ្លាស់ប្តូរយុទ្ធសាស្ត្រមួយចំនួន។ សូមបញ្ជាក់ថា វត្តមានរបស់ក្រុមយុវជននៃប្រទេសមហាអំណាចវិស័យបាល់ទះពិភពលោកនេះ ត្រូវបានចាត់ទុកជាសញ្ញាណដ៏ល្អ សម្រាប់វិស័យបាល់ទះកម្ពុជា ដើម្បីបង្ហាញពីសក្ដានុពលរបស់ខ្លួនលើឆាកអន្ដរជាតិ បន្ទាប់ពីក្រុមបាល់ទះជម្រើសជាតិកម្ពុជាបានបំបែកកំណត់ត្រាប្រវត្តិសាស្ដ្រ ឈ្នះមេដាយសំរឹទ្ធស៊ីហ្គេមលើកដំបូង និងជាការកំដៅសាច់ដុំមួយត្រៀមលក្ខណៈដណ្តើមយកមេដាយជូនជាតិ នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ នៅខែឧសភាខាងមុខនេះ៕
អត្ថបទ៖ នាងសុភាវុធ