អាមេរិក៖ ព្យុះរដូវរងាដ៏ធំបានបោកបក់លើតំបន់វាលទំនាបភាគខាងជើង និងតំបន់ Midwest ដែលមានខ្យល់ និងព្រិលធ្លាក់ខ្លាំងកាលពីថ្ងៃពុធ ដោយបង្ខំឲ្យបិទសាលារៀនរាប់រយកន្លែង ផ្អាកការហោះហើរ និងបង្កការលំបាកក្នុងការធ្វើចរាចរណ៍នៅក្នុងតំបន់មួយចំនួនរបស់សហរដ្ឋអាមេរិក។

មន្ទីរព្យាករណ៍អាកាសធាតុសហរដ្ឋអាមេរិកបាននិយាយថា ពលរដ្ឋអាមេរិកជាង ៥០លាននាក់ស្ថិតក្រោមការណែនាំឲ្យប្រុងប្រយ័ត្នពីអាកាសធាតុកាលពីព្រឹកថ្ងៃពុធ ខណៈព្យុះនេះបានបោកបក់ពាសពេញភាគខាងលិច និងខាងជើងរបស់សហរដ្ឋអាមេរិក និងចូលទៅដល់ភាគខាងកើត។ គេរំពឹងថា ព្រិលកម្រាស់ ៦០សង់ទីម៉ែត្រ និងខ្យល់កម្លាំង ៩៧គីឡូម៉ែត្រក្នុងមួយម៉ោងនឹងកើតមានអំឡុងថ្ងៃព្រហស្បតិ៍នេះ។ យោងតាមគេហទំព័រ Flightaware.com ព្យុះនេះបានរំខានដល់ការហោះហើរពេលព្រឹក។ ជើងហោះហើរចំនួន ៣.៥០០ ត្រូវបានពន្យារពេល ឬលុបចោលនៅទូទាំងប្រទេស។
ក្រុមអ្នកដំណើរនៅក្នុងអាកាសយានដ្ឋាន Chicago’s O’Hare ប្រឈមនឹងការពន្យារពេលជើងហោះហើរ ឬអាចលុបចោលតែម្ដង។ សេវាព្យាករណ៍អាកាសធាតុនិយាយថា ព្យុះនេះក៏បានបង្កឲ្យមានភ្លៀងធ្លាក់ចាប់ពីភាគកណ្ដាលនៃរដ្ឋ Iowa រហូតដល់ទីក្រុង Chicago និងចូលដល់ភាគខាងត្បូងរដ្ឋ Michigan។ ផ្លូវនានាដែលត្រូវបានក្រាលគ្របដោយព្រិល ក៏នឹងបង្កការរំខានដល់ការធ្វើដំណើរផងដែរនៅក្នុងតំបន់ Upper Midwest ទឹកកកបានគ្របដណ្ដប់លើបង្គោលភ្លើង និងបណ្ដាលឲ្យបាក់រលំដើមឈើបង្កឲ្យដាច់ចរន្តអគ្គិសនីកាលពីថ្ងៃពុធ និងនៅថ្ងៃព្រហស្បតិ៍នេះ៕
អត្ថបទ៖ សុខមាន